មេដឹកនាំថៃ លោក អនុទីន កំពុងរងព្យុះរិះគន់ និងការចំអកយ៉ាងក្តៅគគុកពីសំណាក់មហាជន ក្រោយបែកធ្លាយទំនាក់ទំនងជំនឿលើគ្រឿងអន្តរាគមន៍ផ្លូវងងឹតជាមួយអតីតសង្ឃមួយអង្គ ដែលទើបតែត្រូវអាជ្ញាធរចាប់ខ្លួន។ យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ព្រះសង្ឃ Phra Wachirayan Wi អតីតចៅអធិការវត្ត Phutthaisawan ក្នុងខេត្តអាយុធ្យា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទកិបកេងបច្ច័យវត្ត និងលាងលុយកខ្វក់ជិត ៣លានដុល្លារ ព្រមទាំងជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទជាមួយស្រ្តីជាគូស្នេហ៍ ដែលជាហេតុធ្វើឱ្យជំនឿលើវត្ថុស័ក្តិសិទ្ធិរបស់លោក អនុទីន ក្លាយជាប្រធានបទដុតកម្តៅនយោបាយភ្លាមៗ។
រលកនៃការរិះគន់នេះបានផ្ទុះឡើងបន្ទាប់ពីរូបថតចាស់ៗកាលពីខែតុលា ឆ្នាំ២០២៣ ត្រូវបានគេជីកកកាយយកមកចែករំលែកពេញបណ្តាញសង្គមឡើងវិញ។ ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី លោក អនុទីន ធ្លាប់បានបង្ហាញវត្តមានចំពោះមុខអ្នកសារព័ត៌មានដោយមោទនភាព ជាមួយបន្តោង «ចតុខាម រាមទេព» ស្រោបមាសសុទ្ធដ៏កម្រ តម្លៃប្រមាណ ៣លានបាត (ជិត ៩០ ៧០០ដុល្លារអាមេរិក) ដែលប្រសិទ្ធីដោយអតីតចៅអធិការអង្គនោះ ព្រមទាំងបានលើកសរសើរថាជាគំរូនៃ «អំណាចទន់» (Soft Power) របស់ប្រទេសថៃ ជួយលើករាសី និងនាំមកនូវលាភទ្រព្យសម្បត្តិ។
ការធ្លាក់កូដរបស់សង្ឃដាច់សីលអង្គនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចោទសួរចំៗពីសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់លោក អនុទីន ដោយលើកឡើងថា តើមេដឹកនាំរូបនេះអាចដឹកនាំប្រទេសជាតិដោយរបៀបណា បើខ្លួនបែរជាទៅជ្រួលជ្រើមលើកតម្កើងវត្ថុរបស់បុគ្គលពុករលួយទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនបានចាត់ទុកករណីនេះថា ជានិមិត្តរូបដ៏អាក្រក់ដែលឆ្លុះបញ្ចាំងពីការយកសាសនាមកធ្វើជាឈ្នាន់ពាណិជ្ជកម្ម និងការគិតតែពីកិត្តិយសឋានៈបុណ្យស័ក្តិនៅក្នុងស្រទាប់វណ្ណៈដឹកនាំជាន់ខ្ពស់របស់ថៃ៕ដោយ៖ស្រីពី








