跳至正文
西哈努克省电视台 · 官方网站
登录

មន្ត្រីជំនាញ ចុះបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់ នៅតំបន់ជើងភ្នំជី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ!

历史原文 · 暂无当前语言译文

(កំពង់ធំ)៖ មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់ ជាបន្តបន្ទាប់ នៅតំបន់ជើងភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ។ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានចាប់យកម៉ាស៊ីនបូម ចំនួន២៥គ្រឿង ក្បាលបូម១២គ្រឿង ទុយោបូមមួយចំនួន និងរុះរើទបង្ហូររ៉ែ និងសម្ភារមួយចំនួន។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ មានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ករណីមានការរករ៉ែក្នុងតំបន់ខាងលើបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការប៉ះពាល់បរិស្ថាន។ បន្ថែមពីនេះ ក្រុមការងារបានកំពុងពិនិត្យ និងតាមដានលើករណីព័ទ្ធដីព្រៃធ្វើចំការ និងចិញ្ចឹមសត្វគោ ដោយគ្មានច្បាប់អនុញ្ញាត ចំនួន១កន្លែងផងដែរ។

ក្នុងពេលនេះ រដ្ឋបាលខេត្តកំពង់ធំបានជូនដំណឹង ឱ្យបញ្ឈប់ការរករ៉ែខុសច្បាប់ នៅតំបន់ខាងលើជាបន្ទាន់។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានកំណត់ពេលចំនួន១ខែ គិតពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋ ដែលចូលមកបូមរ៉ែរុះរើសម្ភារ និង បញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់តទៅទៀត។ ជាមួយគ្នានេះ មន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងចាត់វិធានការច្បាប់ ចំពោះករណី ដែលរកឃើញបទល្មើស បន្ទាប់ពីសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ ចូលជាធរមាន៕ដោយ៖ ធី លីថូ

评论

正在加载评论…