ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ និងជាប្រធានសន្និសីទពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីស្តីការក្រសួងការបរទេសឡាវ។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានអបអរសាទរឡាវដែលធ្វើជាម្ចាស់ផ្ទះ និងដឹកនាំសន្និសីទ ព្រមទាំងបញ្ជាក់ការគាំទ្ររបស់កម្ពុជាចំពោះការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ។ ភាគីឡាវក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងការចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយសំណល់យុទ្ធភណ្ឌពីសង្គ្រាម ជាពិសេសគ្រាប់បែកចង្កោមពីសង្គ្រាមវៀតណាម។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា ទោះបីកម្ពុជា មិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងមានឋានៈជារដ្ឋអង្កេតការណ៍ ក៏កម្ពុជានៅតែគាំទ្រយ៉ាងសកម្មចំពោះគោលដៅមនុស្សធម៌របស់អនុសញ្ញា និងបានបោសសម្អាតគ្រាប់បែកចង្កោមជាច្រើន។ ក្នុងរយៈពេលជាង៣ទសវត្សរ៍ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣,៥០០ គីឡូម៉ែត្រការ៉េ រួមចំណែកការពារជីវិតប្រជាពលរដ្ឋ បើកដីសម្រាប់ការអភិវឌ្ឍ និងបង្កើតសហគមន៍មានសុវត្ថិភាព។ បច្ចុប្បន្ន កម្ពុជានៅមានផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមប្រមាណជាង ៦០០ គីឡូម៉ែត្រការ៉េ ដែលត្រូវបន្តដោះស្រាយ។
ទន្ទឹមនឹងការបន្តដោះស្រាយមរតកសង្គ្រាមចាស់ កម្ពុជាក៏កំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីពីជម្លោះព្រំដែនកម្ពុជា–ថៃក្នុងឆ្នាំ២០២៥ ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបានបង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣,០០០ គីឡូម៉ែត្រការ៉េ ត្រូវបានវាយតម្លៃថារងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ស្ថានភាពនេះកាន់តែបង្កើនបន្ទុកលើការងារដោះស្រាយសំណល់ជាតិផ្ទុះ និងតម្រូវឱ្យមានការគាំទ្រព្រមទាំងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិបន្ថែមទៀត។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានពាំនាំការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះ ឯកឧត្តម Thongsavan Phomvihane ផងដែរ។ដោយ៖ សុភ័ក្រ្ត











