(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាកំពុងពន្លឿនការផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យថាមពល ដោយបច្ចុប្បន្នអាចសម្រេចបាននូវការប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់៦៣% នៃអនុភាពអគ្គិសនីសរុបក្នុងស្រុក ដែលភាគច្រើនបានមកពីវារីអគ្គិសនី និងពន្លឺព្រះអាទិត្យ។ ឯកឧត្តម កែវ រតនៈ ថ្លែងបែបនេះ ក្នុងពិធីបើក «សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៦» នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម កែវ រតនៈ បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា កម្ពុជានឹងអាចសម្រេចគោលដៅជាតិយ៉ាងតិច ៧០% ត្រឹមឆ្នាំ២០៣០ យ៉ាងពិតប្រាកដ ខណៈដែលក្រុមហ៊ុនក្នុងស្រុកគ្រោងនឹងបញ្ចេញថាមពលពន្លឺព្រះអាទិត្យបន្ថែមជាង ១,១០០ មេហ្គាវ៉ាត់ ព្រមទាំងប្រព័ន្ធស្តុកថាមពល ៥០០ មេហ្គាវ៉ាត់ ចូលក្នុងបណ្តាញជាតិតែមួយឱ្យរួចរាល់នៅដំណាច់ឆ្នាំនេះ ដើម្បីធានាបាននូវនិរន្តរភាព និងស្ថិរភាពចរន្តអគ្គិសនី។
ស្របពេលជាមួយគ្នានេះ វិស័យយានយន្តអគ្គិសនី (EV) នៅកម្ពុជាក៏កំពុងឈានទៅមុខមួយកម្រិតទៀត តាមរយៈការដាក់ឱ្យដំណើរការនូវកម្មវិធីជាតិ «Unify Charge»។ កម្មវិធីទូរសព្ទតែមួយនេះបានប្រមូលផ្តុំរាល់ព័ត៌មានចាំបាច់ទាំងអស់សម្រាប់អ្នកប្រើប្រាស់ EV រួមមាន ទីតាំងស្ថានីយសាកថ្ម ស្ថានភាពនៃការប្រើប្រាស់ជាក់ស្តែង តម្លៃអគ្គិសនី និងការទូទាត់ប្រាក់ភ្លាមៗយ៉ាងងាយស្រួល។ ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីនេះ អគ្គិសនីកម្ពុជាបាននឹងកំពុងពង្រីក និងផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដល់ស្ថានីយសាកយានយន្តអគ្គិសនីជាង ៤០០ ទីតាំងរួចមកហើយនៅទូទាំងប្រទេស។
ការវិវឌ្ឍយ៉ាងលឿននេះធ្វើឡើងស្របពេលដែលបច្ចេកវិទ្យាថាមពលស្អាត ប្រព័ន្ធស្តុកថាមពល និងបណ្តាញបញ្ជូនអគ្គិសនីផ្លូវឆ្ងាយកំពុងមានការរីកចម្រើនខ្លាំង និងមានតម្លៃប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ។ យោងតាមការព្យាករ ការប្រើប្រាស់អគ្គិសនីទូទាំងពិភពលោកនឹងកើនឡើងយ៉ាងហោចណាស់ ២ដងកន្លះ ធៀបនឹងកំណើនតម្រូវការថាមពលសរុបត្រឹមឆ្នាំ២០៣០ ដែលជាសញ្ញាបញ្ជាក់ថា ការត្រៀមខ្លួនទុកជាមុនរបស់កម្ពុជាលើប្រភពថាមពលបៃតង គឺជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងការឆ្លើយតបទៅនឹងតម្រូវការអនាគតប្រកបដោយចីរភាព៕ដោយ៖ ស្រីពី











