西哈努克省电视台 · 官方网站

ពិតជាអស្ចារ្យមែន! សម្រស់ «ស្លែពណ៌បៃតង» ស្រោបលើថ្មប្រាសាទបុរាណ កំពុងឆក់យកបេះដូងភ្ញៀវទេសចរមិនដាច់

历史原文 · 暂无当前语言译文

វត្តមានស្លែធម្មជាតិដែលដុះលាតសន្ធឹងពាសពេញផ្ទៃថ្មប្រាសាទនានាក្នុងរដូវវស្សា បានប្រែក្លាយរមណីយដ្ឋានអង្គរឱ្យទៅជាផ្ទាំងទស្សនីយភាពពណ៌បៃតងស្រស់បំព្រង ហាក់បីដូចជាត្បូងមក៌តដ៏មានតម្លៃ។ រូបចម្លាក់បុរាណដែលត្រូវបានស្រោបដណ្តប់ដោយស្រទាប់ស្លែ បានធ្វើឱ្យរូបចម្លាក់ថ្មទាំងនោះហាក់ដូចជាមានដង្ហើមជីវិតឡើងវិញ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំង។ បើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរជាច្រើនបានចំណាយពេលវេលាដើរទស្សនា និងផ្តិតយករូបភាពអនុស្សាវរីយ៍ដ៏ស្រស់ស្អាតប្លែកភ្នែកនៃរូបចម្លាក់ទាំងនោះយ៉ាងច្រើនកុះករ។

ក្រៅពីបង្កើតនូវសោភ័ណភាពដ៏ស្រស់ត្រកាលដែលទាក់ទាញក្រសែភ្នែកហើយនោះ វត្តមានរបស់ស្លែក៏ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ផងដែរ។ អ្នកជំនាញផ្នែកអភិរក្សថ្មបុរាណ បានពន្យល់ថា ស្លែដុះលើថ្មប្រាសាទដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្ដៅ និងជួយបន្សុទ្ធខ្យល់ក្នុងបរិយាកាសឱ្យមានភាពស្រស់ថ្លា។ ខណៈដែលទីក្រុងធំៗជុំវិញពិភពលោកកំពុងស្វះស្វែងបណ្ដុះស្លែដើម្បីកែលម្អបរិស្ថាន ទឹកដីកម្ពុជាយើងពិតជាមានសំណាងណាស់ដែលមានស្លែដុះតាមបែបធម្មជាតិលើថ្មប្រាសាទ ទាំងក្នុងរដូវវស្សានិងរដូវប្រាំង ដែលជួយកាត់បន្ថយកម្ដៅកុំឱ្យប៉ះពាល់ផ្ទាល់ដល់ផ្ទាំងថ្មបុរាណបានយ៉ាងមានប្រសិទ្ធភាព។

ដើម្បីទទួលបានបទពិសោធដ៏វិសេសវិសាលនេះ សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មកទស្សនាកម្សាន្តដោយផ្ទាល់ ដើម្បីទស្សនាភាពអស្ចារ្យនៃធម្មជាតិដែលកំពុងរំលេចពណ៌បៃតងខ្ចីលើប្រាសាទបុរាណ។ ដំណើរកម្សាន្តមករមណីយដ្ឋានអង្គរនាពេលនេះ នឹងនាំមកនូវអារម្មណ៍ស្រស់ស្រាយ ជាមួយទេសភាពដ៏ត្រជាក់ភ្នែកដែលមិនអាចបំភ្លេចបានឡើយ។ដោយ៖ ស្រីពី