跳至正文
西哈努克省电视台 · 官方网站
登录

ភ្ញាក់ផ្អើល! បំណែកព្រះបដិមាបុរាណជិត ៣០០ ដុំ រកឃើញនៅអង្គរវត្ត កំពុងទទួលបាន «ការសង្គ្រោះ និងសម្អាត» យ៉ាងយកចិត្តទុកដាក់

历史原文 · 暂无当前语言译文

បំណែកព្រះបដិមាបុរាណជិត ៣០០ បំណែក ដែលកប់ក្នុងដីអស់កាលដ៏យូរនៅបរិវេណប្រាសាទអង្គរវត្ត កំពុងស្ថិតក្នុងដៃអ្នកជំនាញដើម្បីសម្អាត និងស្តារសោភ័ណភាពឡើងវិញ។ វត្ថុបុរាណទាំងនេះត្រូវបានអាជ្ញាធរជាតិអប្សរាប្រទះឃើញតាំងពីឆ្នាំ ២០២០ អំឡុងពេលជីករណ្តៅរៀបចំប្រព័ន្ធស្រោចស្រពស្មៅ ហើយទើបតែត្រូវបានបញ្ជូនទៅកាន់សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ដើម្បីចុះបញ្ជីសារពើភណ្ឌ និងសម្អាត មុនឈានដល់ដំណើរការជួសជុល និងអភិរក្សយូរអង្វែង។

លោកស្រី ជន ចន្ទណារ័ត្ន បុគ្គលិកបច្ចេកទេសនៅសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា បំណែកដែលបានរកឃើញមានទំហំតូចធំខុសៗគ្នា ដោយភាគច្រើនជាបំណែកថ្មភក់ រួមទាំងថ្មភ្នំ និងកុលាលភាជន៍មួយចំនួនផងដែរ។ ការងារនេះជាដំណាក់កាលគន្លឹះដែលមិនអាចខ្វះបាន ក្នុងគោលដៅការពារមិនឱ្យបំណែកបដិមាទាំងនោះបន្តខូចខាតបន្ថែមទៀត និងត្រៀមរៀបចំផ្គុំឡើងវិញនាពេលខាងមុខ។

ចំពោះបច្ចេកទេសវិញ អ្នកជំនាញត្រូវអនុវត្តវិធីសាស្ត្រពីរយ៉ាង គឺការសម្អាតស្ងួត និងការសម្អាតសើម។ លោកស្រីបានបញ្ជាក់បន្ថែមថា ដំណើរការនេះទាមទារភាពអត់ធ្មត់ និងការថ្នមដៃកម្រិតខ្ពស់ ដោយសារបដិមាមួយចំនួនធំមានសភាពពុកផុយខ្លាំង ជាពិសេសបដិមាដែលមានជាប់ស្រទាប់ម្រ័ក្សណ៍ ដែលជាហេតុធ្វើឱ្យបំណែកថ្មមួយៗត្រូវចំណាយពេលសម្អាតពី ១ ទៅ ២ សប្តាហ៍ឯណោះ។ គិតមកទល់ពេលនេះ ក្រុមការងារសម្រេចសម្អាតបានចំនួន ១០ រូបហើយ និងកំពុងបន្តកិច្ចការអភិរក្សនេះយ៉ាងផ្ចិតផ្ចង់បំផុត។អត្ថបទដោយ៖ស្រីពី

评论

正在加载评论…