ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃទីតាំងដែលរដ្ឋបាលស្រុកព្រៃនប់បានបម្រុងទុក សម្រាប់រៀបចំជាទីលានទុកដាក់សំរាម និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់។
ការចុះពិនិត្យនេះផ្តោតសំខាន់លើភាពសមស្របរបស់ទីតាំង ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងលក្ខខណ្ឌចាំបាច់ផ្សេងៗ ដើម្បីធានាថាការរៀបចំទីតាំងអាចឆ្លើយតបបានទៅនឹងតម្រូវការគ្រប់គ្រងសំរាម និងទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។
បញ្ហាសំរាម និងការគ្រប់គ្រងទឹកកខ្វក់ គឺជាក្តីកង្វល់ដ៏សំខាន់របស់អាជ្ញាធរមូលដ្ឋាន ដោយសារកំណើនប្រជាជន សកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតាមមូលដ្ឋានបានធ្វើឱ្យបរិមាណសំរាមកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ ការរៀបចំទីតាំងទុកដាក់សំរាម និងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងបរិស្ថាន គឺជាកត្តាសំខាន់ក្នុងការការពារសុខភាពសាធារណៈ និងរក្សាសោភ័ណភាពមូលដ្ឋាន។
ការចុះពិនិត្យ និងវាយតម្លៃទីតាំងនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពសម្រាប់បញ្ហាសំរាម និងទឹកកខ្វក់ សំដៅលើកកម្ពស់បរិស្ថាន និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕ដោយ ប៉ៃ សុឃីម



















