跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា-ចិនឯកភាពគ្នាពិនិត្យលទ្ធភាពក្នុងការបន្តMoUទាក់ទងវិស័យ TVET

历史原文 · 暂无当前语言译文

摘要

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃប្រទេសចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ ដើម្បីពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នា(MoU)ទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារការងារ។ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃប្រទេសចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ ដើម្បីពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នា(MoU)ទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារការងារ។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃប្រទេសចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី និងខេត្ត។

ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ដើម្បីរួមចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ ក្រសួងការងារកម្ពុជា និងក្រសួងធនធានមនុស្សនៃប្រទេសចិន គួរតែពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតទៅលើវិស័យការងារ សន្ដិសុខសង្គម និងជាពិសេសលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ»។

ជាការឆ្លើយតប ឯកឧត្តម យាន ឈីងហ៊ុយ (YAN Qinghui) បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ដោយភាគីចិនយល់ព្រមក្នុងការពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…