跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្រ្តីពាណិជ្ជកម្មអះអាងគាំទ្រធុរកិច្ចនិងវិនិយោគិនសិង្ហបុរីនៅកម្ពុជា

历史原文 · 暂无当前语言译文

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជំហរជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសម្របសម្រួលនិងគាំទ្រដល់ធុរកិច្ចនិងវិនិយោគិនសិង្ហបុរីនៅកម្ពុជា។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់ជំហរបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក Soo Wei Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ និងជាប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន លោក Soo Wei Chieh និងគណៈប្រតិភូសហព័ន្ធធុរកិច្ចសឹង្ហបុរី ដែលបានចូលជួបពិភាក្សាការងារនិងបង្ហាញពីចំណាប់អារម្មណ៍លើការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។ 

លោកជំទាវ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការបស់រាជរដ្ឋាភិបាល ក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងការបន្តពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកនិងបង្កើតទីផ្សារថ្មី។

លោក Soo Wei Chieh ប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសឹង្ហបុរី បានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្រ្តី ដែលបានជម្រាបជូនអំពីទស្សនវិស័យនិងចំណាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ជាពិសេសការបន្តគាំទ្រដល់ការធ្វើធុរកិច្ចនិងវិនិយោគឱ្យកាន់តែប្រសើរទ្បើង តាមរយៈការផ្តល់ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗដទៃទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…