跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចហ៊ុន ម៉ាណែតបញ្ជាក់មូលហេតុដែលមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធទាហានខ្មែរត្រូវកងទ័ពថៃចាប់ខ្លួន

历史原文 · 暂无当前语言译文

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អះអាងថា មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងនោះទេ។ ផ្ទុយវិញ រាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អ ដើម្បីធានាអាយុជីវិតរបស់ពួកគាត់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគេ និងអាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ 

សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៣១ ខែកក្កដាថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងបែបនេះ បន្ទាប់ពីមានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?

សម្តេចធិបតី សង្កត់ធ្ងនថា ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ 

នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ 

ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យសាធារណជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឱ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ 

ទន្ទឹមគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឱ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ 

រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឱ្យមានការដោះយោធិនយើងត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឱ្យបានឆាប់ផងដែរ។ 

សម្តេចធិបតី សង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។

សូមជម្រាបថា តាមរយៈការធ្វើសន្និសីទការសែត ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានអះអាងថា កងកម្លាំង២១រូបដោយស្ថិតការគ្រប់គ្រងភាគីថៃ មកទល់ពេលនេះ កម្ពុជាបានទទួលសព១រូប និង២០រូបទៀតត្រូវបញ្ជូនត្រឡប់មកវិញ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…