ម៉ាស៊ីនបច្ចេកវិទ្យា LCD Projector សរុបចំនួន ១២គ្រឿង បានប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបង្កើនសមត្ថភាពរបស់សិស្សានុសិស្ស។ អំណោយម៉ាស៊ីនបច្ចេកវិទ្យាទាំង១២គ្រឿងនេះ មាន៦គ្រឿងជារបស់ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង៦គ្រឿងទៀតជារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ក្រោមធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ ព្រមទាំងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត។
ជាមួយគ្នានេះ ឯកឧត្តម សុខ គាង បានកត់សម្គាល់ឃើញអំពីសក្តានុពល និងការរីកចម្រើនរបស់វិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយឯកឧត្តមបានបញ្ជាក់ថា នាយកសាលា មាតាបិតា អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស បានចូលរួមសហការគ្នាយ៉ាងផុលផុស ដើម្បីធ្វើឱ្យវិទ្យាល័យមួយនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
«អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ គឺលោកនាយក ដែលសឹងតែគ្មានពីរ ព្រោះខ្ញុំធ្លាប់ឆ្មក់ចូលលេងឃើញគាត់ កំពុងតែរៀបចំសួននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដោយគ្មាននរណាដឹង! មកសង្ងំធ្វើជុំគ្នាជាមួយកូនសិស្សស្ម័គ្រចិត្ត២ទៅ៣នាក់ដែលពួកគាត់ជាប់បាក់ឌុបហើយ»។ នេះជាការកោតសរសើររបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដីទៅកាន់លោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ។
ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណែត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យអប់រំក្នុងខេត្តព្រះសីហនុ។ ជាក់ស្តែង នៅពេលនេះ ឯកឧត្តមបាននាំយកម៉ាស៊ីន LCD Projector ចំនួន ១២គ្រឿងប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ។ ក្នុងនោះ ឯកឧត្តមភិបាលខេត្ត បានគូសរំលេចអំពីវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលជាវិទ្យាល័យគំរូមួយរបស់ខេត្តព្រះសីហនុ ហើយបានចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូចំនួន១លើក ទទួលបានចំណាត់ថ្នាក់លេខ៥នៅទូទាំងប្រទេស។
ចំណែក លោក ងៀម ស៊ីដារា លើកឡើងថា ម៉ាស៊ីន LCD Projector គឺជាឧបករណ៍បច្ចេកវិទ្យាក្នុងការគាំទ្រការងារបង្រៀន ហើយនៅឆ្នាំក្រោយនេះ វិទ្យាល័យ ហ៊ុន សែន វាលរេញ នឹងបំពាក់ឧបករណ៍នេះសម្រាប់សិស្សថ្នាក់ទី១១ ទី១២ និងលោកគ្រូអ្នកគ្រូ។ លោកអះអាងថា ឧបករណ៍បច្ចេកវិទ្យានេះ អាចជួយបំពេញបន្ថែមលើសូចនាករ និងការស្រាវជ្រាវរបស់លោកគ្រូអ្នកគ្រូដែលអាចចាក់បង្ហាញតាមរយៈឧបករណ៍បច្ចេកវិទ្យានេះឱ្យសិស្សានុសិស្សបានទស្សនា និងសិក្សាស្វែងយល់អំពីចំណេះដឹងទូទៅផងដែរ។
លោកនាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ បានបង្ហាញអារម្មណ៍សប្បាយចិត្តនៅក្នុងពិធីប្រគល់-ទទួលឧបករណ៍បច្ចេកវិទ្យា LCD Projector ។ មិនតែប៉ុណ្ណោះ លោក បាននិយាយទាំងអារម្មណ៍រំភើបរីករាយដោយថ្លែងអំណរគុណថ្នាក់ដឹកនាំទាំងអស់ដែលបានគាំទ្រលើវិស័យអប់រំនៅក្នុងវិទ្យាល័យហ៊ុន សែន វាលរេញ។ លើសពីនេះ លោកនាយក ក៏បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីគាំទ្រ និងបណ្តុះធនធានមនុស្សប្រកបដោយគុណវុឌ្ឍិផងដែរ។
សូមជម្រាបថា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យ ហ៊ុន សែន វាលរេញ មានសិស្សានុសិស្សចំនួន ២,០៩៧នាក់ (សិស្សស្រីចំនួន ១,១៧១នាក់)។ ចំណែក សិស្សថ្នាក់ទី១២ មានចំនួន ៣៧៩នាក់ ដែលត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ នាសម័យប្រឡង៖ ២៨ សីហាខាងមុខនេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា









