Skip to main content
Preah Sihanouk Provincial Television
Log in

ឆមាសទី១ឆ្នាំ២០២៥ ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរមកលេងកម្សាន្តកើនឡើងជិត ៣លាននាក់

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២៥នេះ ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តសរុបចំនួន ២.៩៥៩.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២.៧២៦.៧០៨នាក់ និងភ្ញៀវអន្តរជាតិចំនួន ២៣៣.១០៨នាក់ មកសម្រាកកម្សាន្តតាមតំបន់ឆ្នេរ និងគោលដៅទេចរណ៍នានា។ 

នាឱកាសឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃព្រឹកទី៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ខេត្តព្រះសីហនុ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា។ 

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្ដមបណ្ឌិត សមាជិកព្រឹទ្ធសភា ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ, ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក និងអភិបាលក្រុង-ស្រុក។

ជាកិច្ចចាប់ផ្តើម  ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់។ ខេត្តមានតំបន់គោលដៅទេសចរណ៍ សំខាន់ៗ ដូចជា ឆ្នេរខ្សាច់សក្បោះ ទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុងសន្លឹម ស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្ត និងរីករាយជាមួយនឹងធម្មជាតិ ទាំងអស់នេះ។ 

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា ខេត្តព្រះសីហនុមានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៥៦៤កន្លែង ក្នុងរយៈពេល ៦ខែឆ្នាំ២០២៥ មានភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តសរុបចំនួន ២.៩៥៩.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២.៧២៦.៧០៨នាក់ និងភ្ញៀវអន្តរជាតិចំនួន ២៣៣.១០៨នាក់។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្ដមអភិបាលខេត្ត បានប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេលើគោលជំហរដោះស្រាយបញ្ហាព្រំដែន និងការការពារអធិបតេយ្យភាព បូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យច្បាស់លាស់ និងប៉ិនប្រសប់បំផុត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែល បង្កឡើងដោយកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥  នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…