លោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តម Richard McCormick សមាជិកសភាប្រចាំរដ្ឋ Georgia និងឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានដឹកនាំគណៈប្រតិភូសភាអាមេរិកចូលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២៨ ខែសីហា នៅវិមានសន្តិភាព នៃប្រទេសកម្ពុជា។
លោកជំទាវ Beth Van Duyne បានកោតសរសើរការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។
លោកជំទាវបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងកាន់តែជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។ សម្តេចធិបតីសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមកគឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។
សម្ដេចធិបតី បានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការធ្វើសម្រួលនីតិវិធី នៃការចុះបញ្ជីវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជាកញ្ចប់វិធានការលើកទឹកចិត្តនានាសំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សម្ដេចធិបតី និងលោកជំទាវ Beth Van Duyne ក៏បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា វិស័យសន្ដិសុខ និងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាជាដើម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត




