Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធ SARMIS ជំនាន់ថ្មី

Historical original · translation unavailable

Summary

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ឈួន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញជាធិបតីក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ។នាឱកាសនោះ ឯកឧត្តម នួ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ឈួន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញជាធិបតីក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម នួន សំបូរ អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានធ្វើរបាយការណ៍អំពីវឌ្ឍន៍ភាព អំពីស្ថានភាព បញ្ហាប្រឈម និងទិសដៅការងារនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ឯកឧត្តមអគ្គនាយកបានគូសបញ្ជាក់ថា ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋត្រូវធ្វើឡើងស្របតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២០ និងអនុក្រឹត្យលេខ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ការរៀបចំបញ្ជីសារពើភណ្ឌត្រូវបានបែងចែកជាពីរទម្រង់ គឺទម្រង់ទី១ ជាការរៀបចំបញ្ជីឆ្នាំគោលដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង  និងទម្រង់ទី២ ជាការរៀបចំតារាងកើនឡើង និងថយចុះប្រចាំឆ្នាំ។ សម្រាប់ឆ្នាំ២០២៤ នេះគឺជាការបរិច្ឆេទសម្រាប់រៀបចំបញ្ជីសារពើភណ្ឌឆ្នាំគោលថ្មី។

គិតត្រឹមត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលបញ្ជីសារពើភណ្ឌសរុបចំនួន ២,២២៧ ស្មើនឹង ៦៩.៨៨% នៃអង្គភាពប្រើប្រាស់សរុបចំនួន ៣,១៨៧ អង្គភាព។ ទោះជាយ៉ាងណាក៏ដោយ នៅមានអង្គភាពចំនួន ៩៦០ ស្មើនឹង ៣០.១២% ដែលមិនទាន់បានបញ្ជូនបញ្ជីសារពើភណ្ឌមកក្រសួងនៅឡើយទេ។ ការងារធ្វើបញ្ជីសារពើភណ្ឌនេះ គ្របដណ្តប់លើទាំងក្រសួង-ស្ថាប័ន ថ្នាក់នីតិបុគ្គលសាធារណៈ និងថ្នាក់ក្រោមជាតិ។ បញ្ហាប្រឈមសំខាន់ៗដែលនៅសេសសល់រួមមានការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ និងការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឈួន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការប្រើប្រាស់តាមប្រព័ន្ធ SARMIS ជំនាន់ថ្មីត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។

ហើយសិក្ខាសាលានាពេលនេះក្នុងគោលបំណងបន្តបណ្តុះបណ្តាលមន្ត្រីបង្គោលនៃអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីពង្រីកការប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មីនេះ ទៅដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានក្រើនរំលឹកដល់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងតួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់កែលម្អប្រព័ន្ធនេះបន្ថែមទៀត និងអនុវត្តវិធានការនានាស្របតាមអនុសាសន៍ទាំង ៥ចំណុច របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឱ្យមានប្រសិទ្ធភាព៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ ៖ ប៉ៃ សុឃីម

Comments

Loading comments…