ប្រទេសចិនបានប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រការកសាងឡើងវិញ និងស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងធានជីន ប្រទេសចិន។
ក្នុងជំនួប នាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន បានពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ហើយបានឯកភាពពង្រឹងសមត្ថភាព និងសហការជាបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា រួមមានការលួចបន្លំតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់សម្ដែងការគាំទ្ររបស់ប្រទេសចិនចំពោះកិច្ចព្រមព្រៀងឈប់បាញ់ រវាងប្រទេសទាំងពីរ យន្តការសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឲ្យបានឆាប់រហ័ស។ ក្នុងនោះ ប្រទេសចិនក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីជួយស្តារជីវភាពសហគមន៍ និងកសាងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះតួនាទីសំខាន់ និងមានស្ថាបនាប្រយោជន៍របស់ប្រទេសចិន ក្នុងការជួយសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយវិវាទតាមបន្ទាត់ព្រំដែនដោយសន្តិវិធី។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការគាំទ្រដោយឥតលំបាករបស់ប្រទេសចិនចំពោះការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ាន និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឲ្យបានឆាប់ គឺជាធាតុចាំបាច់សម្រាប់ស្តារសន្តិភាព ស្ថិរភាព និងប្រក្រតីភាពតាមបន្ទាត់ព្រំដែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ជំនួយមនុស្សធម៌ដ៏សប្បុរសពីប្រទេសចិន ដែលមានសារៈសំខាន់ក្នុងការកសាងឡើងវិញ និងស្តារជីវភាពសហគមន៍ និងជួយបន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមតំបន់ដែលរងផលប៉ះពាល់។
ដោយ៖ KPS99TV



