Skip to main content
Preah Sihanouk Provincial Television
Log in

គម្រោងវិនិយោគ១៤មានទុនសរុប១,៣ប៊ីលានដុល្លារដាក់សំណើលើកទឹកចិត្តវិនិយោគនៅខេត្តភូមិភាគឦសាន

Historical original · translation unavailable

គិតមកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលការស្នើសុំលើកទឹកចិត្តគម្រោងវិនិយោគចំនួន ១៤គម្រោង ក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាងសង់កំពង់ផែពហុបំណង ដែលមានទុនវិនិយោគសរុបប្រមាណ ១,៣ប៊ីលានដុល្លារអាមេរិក។

សំណើនេះ ត្រូវបានដាក់ស្នើនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី២៩ ខែសីហា ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីអំឡុងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ាន សាហ៊ីប បានណែនាំ និងកំណត់ទិសដៅក្រុមការងារលេខាធិការដ្ឋាន ក.វ.ឦសាន ឱ្យខិតខំជំរុញការអនុវត្តកម្មវិធីពិសេសនេះ ឱ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ដោយមិនត្រូវផ្តោតសំខាន់តែលើកិច្ចការងារសម្របសម្រួល និងការលើកទឹកចិត្តគម្រោងវិនិយោគថ្មីប៉ុណ្ណោះទេ។ ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំគម្រោងវិនិយោគរបស់រោងចក្រ សហគ្រាស ដែលមានស្រាប់ក្នុងតំបន់ តាមរយៈការចុះជួបផ្ទាល់ និង ទទួលស្តាប់នូវរាល់កង្វល់ និង បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់រោងចក្រ សហគ្រាស ក្នុងតំបន់ ក្នុងគោលដៅលើកកម្ពស់ផលិតកម្ម ពិសេស ផលិតផលជំនួស សម្រាប់បំពេញតម្រូវការទីផ្សារ និង ឈានទៅនាំចេញ ស្របតាមបរិការណ៍ដែលកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ និង ការណ៍ដែលប្រជាពលរដ្ឋកម្ពុជា មានទំនោរមិនប្រើប្រាស់ផលិតផលថៃ ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀតអំពីកម្មវិធីពិសេសនេះ។ លើសពីនេះ តួនាទីរបស់ក្រុមការងារ ក.វ.ឦសាន ដែលជា “ច្រកចេញចូលតែមួយ” ក្នុងការពិនិត្យ វាយតម្លៃ និងផ្តល់ការលើកទឹកចិត្ត, ជួយសម្របសម្រួល និងធ្វើសាមញ្ញកម្ម នៃនីតិវិធីវិនិយោគទាំងអស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និង ធុរជន សំដៅជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…