រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងអំណរគុណក្រុមវិនិយោគិនមកពីបណ្តាប្រទេសមជ្ឈឹមបូព៌ាដែលបានចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ ពិសេសគឺទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយក្រុមវិនិយោគិនពីបណ្តាមជ្ឈិមបូព៌ាដែលកំពុងប្រកបអាជីវកម្មលើគ្រប់ផ្នែកនៅទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា។ ជំនួបនេះ ក៏បានពិភាក្សាពីសភាពការណ៍ពិតអំពីនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងឱកាសវិនិយោគនៅកម្ពុជានៅសណ្ឋាគារ Rex Hotel។
ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សុខសុវត្ថិភាពផ្តល់ជូនដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ យន្តការលើកទឹកចិត្ត និងការធានាជូនវិនិយោគិន សក្តានុពលទេសចរណ៍ដ៏មានសន្ទុះខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះឡើង ព្រមទាំងមានកម្លាំងពលកម្មដែលសកម្ម និងប្រកបដោយគុណភាព ហេដ្ឋារចនាសម្ព័ន្ធបានអភិវឌ្ឍល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ ឯកឧត្តម សង្កត់ធ្ងន់ថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា ជាពិសេសគឺបានត្រៀមខ្លួនជាស្រេចលើការទទួលបដិសណ្ឋារកិច្ចទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism)៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









