Skip to main content
Preah Sihanouk Provincial Television
Log in

ភ្លៀងនឹងបន្តធ្លាក់នៅទូទាំងប្រទេសដោយសារព្យុះទី១៦

Historical original · translation unavailable

នៅតាមបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ដោយសារវិសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងនឹងវិវត្តទៅជាព្យុះទី១៦ ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៦០ភាគរយ។ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៤៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រទៅ២ម៉ែត្រ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



Comments

Loading comments…