Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្ញើលិខិតអបអរសាទរជូនឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃប្រទេសថៃ

Historical original · translation unavailable

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃប្រទេសថៃ ក្នុងឱកាសឈ្នះការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីទី៣២នៃប្រទេសថៃ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់សម្តេចធិបតីផ្ញើជូននាយករដ្ឋមន្ត្រីថៃថ្មីនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលស្ថានីយទូរទស្សន៍KPS99 TV ខេត្តព្រះសីហនុ បកប្រែជាភាសាខ្មែរ៖

ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះការបោះឆ្នោតរបស់អ្នកជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ។ ជ័យជំនះដ៏ខ្លាំងរបស់អ្នកគឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំក្នុងការដឹកនាំរបស់អ្នក។ ខ្ញុំមានជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់ឯកឧត្តម ព្រះរាជាណាចក្រថៃ នឹងសម្រេចបាននូវវឌ្ឍនភាពកាន់តែច្រើន។

ទាំងកម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នាដោយភូមិសាស្ត្រ និងសមាជិកអាស៊ាន។ សន្តិភាព ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសយើងទាំងពីរ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជនយើងទាំងពីរ។ អាស្រ័យហេតុនេះ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការកសាងទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនយើងទាំងពីរនឹងទទួលបាននូវភាពរុងរឿង និងរីកចម្រើនប្រកបដោយសុខដុមរមនា និងសប្បាយរីករាយ។

ជាមួយនឹងស្មារតីនេះ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នក ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នារវាងព្រះរាជាណាចក្រយើងទាំងពីរឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា៕

សម្រួល៖ ចិន្តា ទីទិ

Comments

Loading comments…