Skip to main content
Preah Sihanouk Provincial Television
Log in

ចរចាប្រាក់ឈ្នួលឆ្នាំ២០២៦៖តំណាងកម្មករនិងនិយោជកលើកសំណើ៣ចំណុចឱ្យរដ្ឋាភិបាលអន្តរាគមន៍

Historical original · translation unavailable

នៅថ្ងៃទី១០ ខែកញ្ញានេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងឆ្នាំ២០២៦ បានបន្តចាប់ផ្តើមនៅម៉ោង០៨ព្រឹករហូតដល់ម៉ោង១៣និង៣០នាទី។ ក្នុងកិច្ចប្រជុំ តំណាងកម្មករនិយោជិត និងនិយោជក បានឯកភាពរួមគ្នាលើកសំណើ០៣ចំណុចជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ពិនិត្យ និងអន្តរាគមន៍។

ភាគីតំណាងកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នាជាឯកច្ឆ័ន្ទមិនលើកនូវសំណើរតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។ ការសម្រេចឯកភាពគ្នាដូច្នេះ យោងលើស្ថានភាពនៃផលប៉ះពាល់ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីពាក់ព័ន្ធ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំបញ្ជាក់ជំហរចុងក្រោយរបស់ខ្លួន។ យ៉ាងណាមិញ អង្គប្រជុំ បានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៥និង០០នាទី ដើម្បីបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

ក្រសួងការងារ បញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន ២១លើក រួមមាន៖ កិច្ចប្រជុំត្រីភាគីចំនួន ៣លើក កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជកចំនួន ០៣លើក កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីរាជរដ្ឋាភិបាល និងភាគីកម្មករនិយោជិតចំនួន ១លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីរាជរដ្ឋាភិបាល និងភាគីនិយោជកចំនួន ២លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិតចំនួន ០៧លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជកចំនួន ៥លើក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…