លោក ស៊ុន សុភាព ត្រូវបានប្រកាសតែងតាំងមុខតំណែងជាអភិបាលរងស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោក ស៊ុន សុភាព បានប្តេជ្ញាខិតខំរក្សា និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាមន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន។
ពិធីនេះ ធ្វើឡើងក្រោមវត្តមានលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមជាច្រើននាក់ទៀត។ នៅចំពោះមុខលោកអភិបាលរងខេត្តព្រះសីហនុ លោក ស៊ុន សុភាព បានអះអាងពីការបន្តសហការ ដឹកនាំអនុវត្តកម្មវិធី និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលស្រុកស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោកអភិបាលរងស្រុកព្រៃនប់ទើបតែងតាំងថ្មី បានប្តេជ្ញាខិតខំអនុវត្តរាល់ផែនការ និងសេចក្តីសម្រេចរបស់រដ្ឋបាលស្រុក ដែលបានដាក់ចេញឱ្យបានល្អប្រសើរ និងមានប្រសិទ្ធិភាព ថែមទាំងប្តេជ្ញាខិតខំសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកវិទ្យា នវានុវត្តន៍ស្របតាមបច្ចេកវិទ្យាជំនាន់ ៤.០ និងចំណេះដឹងផ្សេងៗទៀតឱ្យកាន់តែមានភាពរីកចម្រើន ដើម្បីឆ្លើយតបទៅនឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធិភាពខ្ពស់។
លោកអភិបាលរងស្រុករូបនេះ ក៏បានប្តេជ្ញាស្មោះត្រង់ចំពោះជាតិមាតុភូមិ ដោយលើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលប្រកបដោយវប្បធម៌សេវាសាធារណៈ គឺឆន្ទៈម្ចាស់ការ ភក្តីភាព សីលធម៌ និងមនសិកាវិជ្ជាជីវៈខ្ពស់ស្របតាមគោលនយោបាយកំណែទម្រង់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងខិតខំរក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ និងរវាងមន្រ្តីក្រោមឱវាទ និងសហការការងារជាមួយការិយាល័យ អង្គភាពនានា និងរដ្ឋបាលឃុំឱ្យបានល្អប្រសើរ។
ទន្ទឹមគ្នានេះ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានលើកឡើងថា ការប្រកាសចូលកាន់តំណែងអភិបាលរងស្រុកនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងការបំពេញបន្ថែមក្នុងមុខងានៃការអនុវត្តកិច្ចការងារស្របតាមច្បាប់នានារបស់រាជរដ្ឋាភិបាល ដើម្បីធានានូវអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។ ពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងមូលដ្ឋាន ក្នុងការលើកកម្ពស់ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងសេវាសំណូមពរពីប្រជាពលរដ្ឋឱ្យបានតាមពាក្យស្លោក «ធ្វើឱ្យបាន ធ្វើឱ្យរហ័ស និងមានតម្លាភាព» ដើម្បីធានាថា កិច្ចខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវបានឆ្លើយតបទាន់ពេលវេលាពីមន្រ្តីដែលផ្តល់សេវា និងទីភ្នាក់ងារផ្សេងៗ។
ម៉្យាងទៀត លោកអភិបាលស្រុក បានចាត់ទុកការតែងតាំងមុខតំណែងលោក ស៊ុន សុភាព ជាអភិបាលរងស្រុក ជាភាពចាំបាច់មួយ និងបន្តនិរន្តរភាពរដ្ឋបាលស្របតាមច្បាប់របស់ក្រុមប្រឹក្សា ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត។ ដើម្បីភាពជោគជ័យក្នុងការួមចំណែកបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពប្រសើឡើង និងអភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើន លោក អ៊ី ធារិន បានសង្កត់ធ្ងន់ថា មន្រ្តីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវបន្តបង្កើនស្មារតីយកចិត្តទុកដាក់បំពេញបេសកកកម្មការងារឱ្យតែខ្លាំងក្លាថែមទៀត។
មិនតែប៉ុណ្ណោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តឱ្យមន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកព្រៃនប់ ត្រូវចូលរួមបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ក្នុងន័យនេះ លោកអភិបាលរងខេត្ត បានកត់សម្គាល់ឃើញថា រដ្ឋបាលស្រុកព្រៃនប កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ បានចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាច្រើន ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា












