អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមកទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះប្រវត្តិសាស្ត្រលំដាប់ពិភពលោក សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ»។ ការអំពាវនាវ និងបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៦ អាណិត្តទី៤ កាលពីថ្ងៃទី១១ ខែកញ្ញា។
ព្រលានយន្តហោះខ្នាតអន្តរជាតិលំដាប់ 4F ឈ្មោះអាកាសយានដ្ឋានអន្តរជាតិមរតកតេជោតម្លៃជិត២ពាន់លានដុល្លារអាមេរិក បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា។ ព្រលានយន្តហោះខ្នាតយក្សថ្មីរបស់កម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់ទី៩ ដែលជាព្រលានយន្តហោះទំនើប និងធំជាងគេនៅក្នុងពិភពលោក។
ទីលានយន្តហោះធ្វើដំណើរលាតសន្ធឹងលើផ្ទៃដីជាង២៦០០ហិកតា ស្ថិតក្នុងស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ក៏នឹងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងនៅព្រឹកនេះថា កម្ពុជាបានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិ ដើម្បីចូលរួមចំណែកបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ ការតភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង ហើយក៏ជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


