Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា–ចិន ពង្រឹងសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីបង្កើតសហគមន៍វាសនារួម និងមិត្តភាពដែកថែបកាន់តែរឹងមាំ

Historical original · translation unavailable

នាថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា–ចិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំចិន លោកជំទាវ សឿង រដ្ឋចាវី និងមន្ត្រីកំពូលជាច្រើន រួមទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល, រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា, អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម គង់ វិមាន និងមន្ត្រីជំនាញផ្សេងៗទៀត។

ភាគីទាំងពីរ បានពិភាក្សាលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៌ និងបច្ចេកវិទ្យា។

គម្រោងគួរឱ្យកត់សម្គាល់មានដូចជា គម្រោងព្រែកជីកហ្វូណនតេជោ, ការកែលម្អផ្លូវជាតិលេខ៣ (កំពត–វាលរេញ), ការសាងសង់ផ្លូវជាតិលេខ៧ (រមាត–ត្រពាំងគ្រៀល), គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ, ការពង្រីកការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា–ចិន និងគម្រោងពាក់ព័ន្ធនឹងការនាំចេញត្រី និងអង្ករ។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅពីឯកឧត្តម វ៉ាង យី ទោះបីទើបតែបញ្ចប់ទស្សនកិច្ចនៅអឺរ៉ុបក៏ដោយ។ ការស្វាគមន៍នេះបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ និងទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ឯកឧត្តម វ៉ាង យី បានវាយតម្លៃខ្ពស់លើ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលជួយពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ និងបង្កើតសហគមន៍វាសនារួម និងផលប្រយោជន៍រួមគ្នា។

គាត់ក៏បានអបអរសាទរចំពោះភាពជោគជ័យរបស់ប្រទេសចិន ក្នុងការរៀបចំកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក និងពិធីរំលឹកខួបលើកទី៨០ នៃជ័យជម្នះប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។

អំពីកិច្ចវិនិយោគ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ចាប់ពីឆ្នាំ២០១២ ដែលមានតម្លៃវិនិយោគក្រោម ៥០០ លានដុល្លារអាមេរិក បានកើនឡើងដល់ប្រមាណ ៣,៤ ពាន់លានដុល្លារនៅឆ្នាំ២០២៤។ កម្ពុជាបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេស ៥៧ តំបន់ ក្នុងនោះ ១១ តំបន់ជាការវិនិយោគរបស់ចិន។ ចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគជាង ៤០០ គម្រោងបានដាក់បណ្ដាក់ទុនរួចរាល់។ តែត្រឹម ៨ ខែដំបូង ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ៤៩១ គម្រោង ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…