Skip to main content
Preah Sihanouk Provincial Television
Log in

ផ្កាថ្មជួយទ្រទ្រង់ជីវចម្រុះ និងបង្កើនសក្តានុពលអេកូទេសចរណ៍ដ៍សំខាន់នៅបាតសមុទ្រ

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ផ្កាថ្មនៅក្រោមសមុទ្រក្នុងប្រទេសកម្ពុជា ពួកវាជាភាវរស់ជួយទ្រទ្រង់ជីវចម្រុះ ការពារឆ្នេរសមុទ្រ និងបង្កើនសក្តានុពលអេកូទេសចរណ៍ដ៍សំខាន់ នេះបើយោងតាមអង្គការគាំពារធនធានសមុទ្រ។

ដោយឡែក (យោងប្រកាសលេខ ៣៦៤ ប្រក.កសក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) គោលបំណង បង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះរ៉ុងនិងកោះរ៉ុងសន្លឹម ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡាសរុប ៤០,៥៣៥ ហិកតា (បួនម៉ឺនប្រាំរយសាមសិបប្រាំ) ដើម្បីការពារ អភិរក្ស និងប្រើប្រាស់ធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

គោលដៅ៖ បង្កើតតំបន់គ្រប់គ្រងជលផលសមុទគ្រប់គ្រងនិងអភិរក្សធនធានជីវចម្រុះជលផលសមុទ្រឲ្យមានប្រសិទ្ធភាពធានាបានការនេសាទប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ និងការវិនិយោគនៅតំបន់កោះរ៉ុងនិងកោះរ៉ុងសន្លឹម។

នាពេលបច្ចុប្បន្ននេះ ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះសីហនុនិងរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទនប់រលកនិងក្រុមការងារបានដឹកនាំគណៈកម្មការសហគមន៍នេសាទចំនួនបីក្នុងសង្កាត់ទាំងពីរក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើសនេសាទក្នុងដែនសមត្ថកិច្ច ដើម្បីការពារធនធានជលផលឲ្យមានប្រសិទ្ធភាពនិងបានធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទនិងទូក អូប័រ ដឹកភ្ញៀវ ទេសចរណ៍ទៅកំសាន្តតាមបណ្តាកោះ សូមកុំបោះយុថ្កានៅកន្លែងមាន ផ្កាថ្ម ជីវៈចម្រុះ ហាមកាច់យក ផ្កាថ្ម ហាមបាញ់ត្រី និងការប្រើថ្នាំពុល ។

តំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះរ៉ុងនិងកោះរ៉ុងសន្លឹមរួមមាន តំបន់ផ្កាថ្ម តំបន់ថ្មប៉ប្រះទឹក តំបន់ស្មៅសមុទ្រ តំបន់ព្រៃកោងកាង តំបន់ទីជម្រកធនធានជលផលសំខាន់ផ្សេងៗទៀត និងប្រព័ន្ធអេកូឡូស៊ី ដែលមានសារៈសំខាន់សម្រាប់ជាជម្រកពងកូន រស់នៅ និងកន្លែងផ្តល់ចំណីដល់មច្ឆជាតិផ្សេងទៀត ។

ហាមឃាត់ដាច់ខាតការធ្វើនេសាទដោយឧបករណ៍អួនអូស ឬឧបករណ៍នេសាទហាមឃាត់ នៅក្នុងតំបន់គ្រប់គ្រង ប្រជុំកោះរ៉ុងនិងកោះរ៉ុងសន្លឹម លើកលែងតែការនេសាទដោយប្រើឧបករណ៍នេសាទស្របច្បាប់ជាលក្ខណៈគ្រួសារ ក្នុងកន្លែងនេសាទសហគមន៍ កន្លែងការពារ និង កន្លែងប្រើប្រាស់ច្រើនយ៉ាង។

កន្លែងការពារនេះ អាចប្រើប្រាស់ជាកន្លែងបំរើឲ្យវិស័យទេសចរណ៍ធម្មជាតិ ការនេសាទជាលក្ខណៈកំសាន្តឬជាលក្ខណៈគ្រួសារ កន្លែងមុជទឹកកំសាន្តបាតសមុទ្រនិងសិក្សាស្រាវជ្រាវ ត្រូវបានកំណត់ថាជាតំបន់ដែលមានមុខងារសំខាន់សម្រាប់បំរើឲ្យសកម្មភាពកំសាន្តនិងការពារប្រភពធនធានជីវចម្រុះ ដើម្បីធានាបានប្រាក់ចំណូលពីវិស័យទេសចរណ៍បាតសមុទ្រនិងនិរន្តរភាពធនធានជលផល កន្លែងនេះត្រូវបានអនុញ្ញាតសម្រាប់ការមុជទឹកកំសាន្តមើលផ្កាថ្មនិងធនធានជលផលដ៍ទៃទៀតប្រកបដោយការទទួលខុសត្រូវ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…