Skip to main content
Preah Sihanouk Provincial Television
Log in

គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦៨នាក់និងរបួសជាង១០០នាក់ក្នុងរដូវបិណ្ឌភ្ជុំ

Historical original · translation unavailable

យ៉ាងហោចណាស់មនុស្ស ៦៨នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល១៣៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ១០៣ករណី គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ 

អ្នកនាំពាក្យរង បន្ថែមថា ក៏មិនខុសពីមូលហេតុក្នុងឆ្នាំមុនៗនោះដែរ នារដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ វ៉ាជែងមិនប្រកាន់ស្តាំ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្តជាដើម។ លោកចាត់ទុកបញ្ហានេះជាសោកនាដកម្មដ៏គួរឱ្យព្រួយបារម្ភ។ 

ការព្រួយបារម្ភ ត្រូវបានអ្នកនាំពាក្យសង្កត់ធ្ងន់ថា ទោះបីជាពេលនេះ ផុតរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ក៏ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង បណ្ដាលឱ្យមានអ្នកស្លាប់ រងរបួស និងខាតបង់ទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ខណៈប្រភពនៃបញ្ហា គឺការបើកបរបំពានច្បាប់ចរាចរណ៍ គ្មានការយល់យោគអធ្យាស្រ័យ និងខ្វះការប្រុងប្រយ័ត្នពីសំណាក់អ្នកបើកបរផ្ទាល់។ 

អ្នកនាំពាក្យដដែល រំលេចថា សម្រាប់រដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាង១០ថ្ងៃកន្លងទៅនេះ មន្ត្រីនគរបាលចរាចរណ៍ បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មនូវការសម្រួលចរាចរណ៍គ្រប់តម្រាយផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួល និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រួមទាំងការធ្វើដំណើរទៅស្រុកកំណើត និងទីអារាម ដោយសមត្ថកិច្ចបានបន្តអនុវត្តគោលការណ៍មិនផាកពិន័យ។ 

មិនតែប៉ុណ្ណោះ លោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពសមត្ថកិច្ចមិនអនុវត្តច្បាប់មួយរយៈមកនេះ ពលរដ្ឋអ្នកបើកបរមួយចំនួន កាន់តែបង្ហាញឥរិយាបថមិនយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ដែលបញ្ហានេះបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តហក់ឡើង និងជាការបង្ហាញច្បាស់អំពីសារៈសំខាន់នៃការអនុវត្តច្បាប់ផាកពិន័យអ្នកល្មើស។

សូមបញ្ជាក់ថា ដោយមិនគិតពីថ្ងៃកាន់បិណ្ឌទី១ ប៉ុន្តែបើគិតត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៣០នាក់ និងរបួសធ្ងន់ស្រាល ៥០នាក់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…