មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ទទួលបានជំនួយឥតសំណង ចំនួន៦០ម៉ឺនដុល្លារពីសហរដ្ឋអាម៉េរិកសម្រាប់គាំទ្រសកម្មភាពបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ជំនួយដែលផ្តល់ជូន CMAC ធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់ប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក នៅកម្ពុជា។
នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែកញ្ញា អង្គភាព CMAC បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania អមដំណើរដោយលោកស្រី Michael Baumgartner ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងលោក Hans Peter Risser ប្រធានអង្គការNPA ប្រចាំនៅកម្ពុជា ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាម៉េរិក។ ដំណើរទស្សកិច្ចនេះ រៀបចំដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា តាមរយៈអង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA)។
ក្នុងដំណើរទស្សនកិច្ចនេះ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាម៉េរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាព CMAC តាមរយៈអង្គការ NPA ដែលមានទឹកប្រាក់សរុបចំនួន៦០០.០០០ ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់រយៈពេល៥ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ដល់ខែមេសា ឆ្នាំ២០២៦៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត














