យ៉ាងហោចណាស់ជនជាតិវៀតណាមចំនួន ២៧នាក់ ក្នុងនោះមានស្រី១០នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញពីប្រទេស តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែកញ្ញា។ ការបណ្តេញចេញពីប្រទេសកម្ពុជា បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ដោយសារជនជាតិវៀតណាមទាំងនោះលួចស្នាក់នៅធ្វើការងារខុសច្បាប់ លួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងជាប់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) ព្រមទាំងជាប់ពាក់ព័ន្ធករណីសញ្ចារកម្ម (អនុវត្តទោសចប់)។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ទៀតថា ការបណ្តេញជនជាតិវៀតណាមទាំងនេះចេញពីកម្ពុជា គឺអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ ជនជាតិវៀតណាមទាំង ២៧នាក់ខាងលើ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









