Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុងកំពង់ចាមនឹងទាក់ទាញទេសចរកាន់តែច្រើនឡើងតាមផ្លូវទឹក ខណៈក្រសួងសាធារណការចាប់ផ្តើមសាងសង់កំពង់ផែទេសចរណ៍បណ្តែតទឹក

Historical original · translation unavailable

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ដែលមានវានាដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិពីប្រទសវៀតណាមចូលចតទៅតាមកាលវិភាគដែលបានគ្រោងទុក។

នេះបើយោងតាមការឲ្យដឹងរបស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលគឺការសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម។

លោក ផន រឹម បានឱ្យដឹងបន្ថែមថា ការដាក់ដំណើរប្រតិបត្តិការកំពង់ផែនេះ នៅពេលអនាគតពិតជាផ្តល់ឱកាសដ៏វិសេសដើម្បីអភិវឌ្ឍន៍តំបន់ក្រុងកំពង់ចាមឲ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀតស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រជាប់នឹងគម្រោងពង្រីកផ្លូវនាវាចរណ៍ពីភ្នំពេញមកកំពង់ចាម និងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ។ កំពង់ផែទេសចរណ៍នេះនឹងបន្តទទួលភ្ញៀវទេសចរកាន់តែច្រើនថែមទៀតនៅពេលអនាគត។

លោកបានបញ្ជាក់ថា នៅពេលសាងសង់ចប់រួចរាល់ កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាមនឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាមជាអ្នកគ្រប់គ្រង និងប្រតិបត្តិការ។

ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក សម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល២៤ខែ។ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរនឹងចាប់ផ្តើមនៅឆ្នាំ២០២៦។ ជារួមក្រសួងសាធារណការ និងដឹកជញ្ជូននឹងខិតខំបញ្ចប់ការសាសង់គម្រោងដ៏សំខាន់នេះឲ្យរួចរាល់តាមការគ្រោងទុក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

Comments

Loading comments…