(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃបានប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស និងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំក្នុងតំបន់។ ក្រុមទាំងនេះត្រូវបានរៀបចំឡើងជាបណ្តាញអន្តរជាតិ ដែលបានកំពុងធ្វើសកម្មភាពនៅតាមបណ្តោយព្រំដែន ដែលមានការអនុវត្តច្បាប់ខ្សោយ និងចន្លោះប្រហោងដែលកើតចេញពីមន្រ្តីមូលដ្ឋាននៅតាមព្រំដែន ដើម្បីជួញដូរមនុស្សរាប់ពាន់នាក់ដែលស្ថិតនៅទាសភាពបំណុល ការរំលោភបំពានរូបរាងកាយ និងការបោកប្រាស់ដោយបង្ខំ។
លោកបានបន្តថា នេះជាភស្តុតាងយ៉ាងច្បាស់ និងកំពុងកើនឡើងដោយសារតែសារព័ត៌មាន Reuters បានធ្វើការស៊ើបអង្កេតជាច្រើន និងបានរកឃើញថាជនរងគ្រោះ ដែលធ្វើដំណើរទៅប្រទេសថៃ គឺត្រូវបានរៀបចំឡើងតាមរយៈបណ្តាញក្រុមឆបោកទាំងនោះ និងបង្ខំឱ្យចូលអ្នកទាំងនោះចូលទៅក្នុងទីតាំងបោកប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមច្រកព្រំដែនថៃ។ ជនរងគ្រោះពីការជួញដូរបានរៀបរាប់អំពីការចាប់ពង្រត់ ការបង្ខាំង និងការបង្ខិតបង្ខំឱ្យចូលទៅធ្វើការងារឆបោកអនឡាញ បន្ទាប់ពីត្រូវបានអូសទាញដោយការសន្យាក្លែងក្លាយពីការទទួលបានការងារដែលទទួលបានប្រាក់ខែច្រើន។ អ្នកខ្លះបាននិយាយថា ពួកគេត្រូវបាននាំខ្លួនតាមអាកាសយានដ្ឋានបាងកក ដោយមនុស្សក្លែងខ្លួនជាមន្ត្រីអន្តោប្រវេសន៍ថៃ មុនពេលត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ា។
ជុំវិញករណីនេះ ក្រសួងការបរទេសថៃបានបដិសេធថា មិនបានទទួលរបាយការណ៍បែបនេះទេ ប៉ុន្តែបានសន្យាថានឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ប្រសិនបើមានតំរុយគួរឱ្យទុកចិត្តណាមួយ។ នៅដើមឆ្នាំ២០២៥ តារាសម្តែងជនជាតិចិនលោក Wang Xing បានបាត់ខ្លួននៅក្នុងប្រទេសថៃ ហើយក្រោយមកត្រូវបានគេរកឃើញនៅជិតព្រំដែនមីយ៉ាន់ម៉ា ក្នុងតំបន់ដែលគេស្គាល់ថាជាទីតាំងប្រតិបត្តិការឆបោកអនឡាញ។ ប៉ូលីសថៃបានបញ្ជាក់ថា លោកគឺជាជនរងគ្រោះពីការជួញដូរមនុស្ស។ លោក Wang ត្រូវបានគេបោកបញ្ឆោតដោយមានការសន្យាអំពីការងារសម្តែងមួយ ប៉ុន្តែលោកបែរជាត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ាទៅវិញ ដើម្បីធ្វើការក្នុងប្រតិបត្តិការឆបោកអនឡាញ ដែលផ្តោតលើជនជាតិចិន។ លោកត្រូវបានគេជួយសង្គ្រោះ ហើយនាំមកត្រឡប់ទៅប្រទេសថៃវិញ ដើម្បីសាកសួរ និងយោងតាមរបាយការណ៍បានបង្ហាញថា គាត់នៅតំបន់ មេស៊ុត (Mae Sot) នៅព្រំដែនថៃ-មីយ៉ាន់ម៉ា។
យោងតាមព័ត៌មានជាផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្នាំ២០២៤ អំពីការជួញដូរមនុស្ស បានបង្ហាញថាប្រទេសថៃជាទីតាំងសំខាន់សម្រាប់កំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស និងងាយរងគ្រោះដែលពាក់ព័ន្ធទៅនឹងការធ្វើចំណាកស្រុករកការងារធ្វើការធ្វើចំណាកស្រុកដោយមិនស្របច្បាប់ និងការកេងប្រវ័ញ្ចពីឧក្រិដ្ឋជន តាមរយៈបណ្តាញដែលប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន ដើម្បីផ្លាស់ទីមនុស្សចូលទៅក្នុងទីតាំងឆបោកអនឡាញ។
ប្រទេសថៃកំពុងតែស្ថិតក្នុងកម្រិតបន្ទាត់ក្រហមថ្នាក់ទី២ ដែលនេះបង្ហាញថាប្រទេសនេះខ្វះស្តង់ដាក្នុងការបង្រ្កាប និងលុបបំបាត់ការជួញដូរមនុស្ស ហើយចាត់ទុកប្រទេសនេះជាប្រទេសឆ្លងកាត់ និងប្រភពទីតាំងនៃការជួញដូរមនុស្ស។ ទីភ្នាក់ងារអន្តរជាតិ ក៏បញ្ជាក់បន្ថែមថានេះជាគ្រោះថ្នាក់ដ៏ធំក្នុងតំបន់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជាការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានចងក្រងឯកសារអំពីមនុស្សរាប់សែននាក់ ដែលត្រូវបានគេជួញដូរទៅក្នុងមជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍ ហើយបានគូសបញ្ជាក់អំពីរបៀបដែលឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតបានក្លាយទៅជាពាណិជ្ជកម្មជួញដូរមនុស្សដ៏ធំមួយ។
ការរកឃើញរបស់ UNODC បានបង្ហាញពីទម្រង់តែមួយ ដែលជនរងគ្រោះត្រូវបានគេបោកបញ្ឆោតដោយការផ្តល់ជូនការងារមិនពិតប្រាកដ ត្រូវបានគេបញ្ចូនឆ្លងកាត់ព្រំដែន ត្រូវបានគេឃុំខ្លួនក្នុងបរិវេណទីតាំងឆបោកដែលមានការយាមការតឹងតែង ត្រូវគេបង្ខំឱ្យធ្វើការហៅទូរស័ព្ទនិងបោកប្រាស់ជនរងគ្រោះនៅក្រៅប្រទេស និងរងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីក្រុមឧក្រិដ្ឋជនទាំងនោះ ប្រសិនជាមិនធ្វើតាមការបញ្ជាររបស់ពួកគេ។ នេះមិនមែនជារឿងប្រឌិតនោះទេ នេះគឺជាបណ្តាញឧក្រិដ្ឋកម្មជាប្រព័ន្ធ ដែលមានឯកសារបញ្ជាក់ច្បាស់លាស់។ ការរាយការណ៍ឯករាជ្យ និងមតិសាធារណៈក៏ជាវិភាគទានសំខាន់ផងដែរ។
ការរាយការណ៍ថ្មីៗនេះ ដោយសារព័ត៌មានអន្តរជាតិល្បីៗដូចជា Reuters និង The Guardian បានធ្វើការយកព័ត៌មាន និងតាមដានពីការរំលោភបំពានដ៏ធ្ងន់ធ្ងរដូចជាការវាយដំ ការឆក់ដោយអគ្គិសនី ការបង្ខាំងក្នុងបរិវេណទីតាំងឆបោក និងការបង្ខិតបង្ខំឱ្យចូលរួមឆបោក។ នៅឆ្នាំ២០២៥ ប្រទេសថៃ បានចាប់ផ្តើមកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការឆបោក និងបានពិនិត្យមើលទីតាំងឆបោកនៅតាមព្រំដែនកម្ពុជានិងមីយ៉ាន់ម៉ា ប៉ុន្តែការធ្វើឡើងនេះគឺបន្ទាប់ពីមានការដាក់សម្ពាធខ្លាំងពីអន្តរជាតិប៉ុណ្ណោះ ដែលនេះបានបង្ហាញពីការធ្វេសប្រហែសរបស់រដ្ឋាភិបាលថៃ ឬការមិនអើពើលើបញ្ហានេះដែលកំពុងកើតមានយ៉ាងច្រើនក្នុងប្រទេសរបស់ខ្លួន។
កាលពីខែកុម្ភៈកន្លងមកនេះ ក្រុមកងទ័ពប្រជាធិបតេយ្យការ៉េន នៅមីយ៉ាន់ម៉ាបានចូលបង្រ្កាបទីតាំងឆបោក មួយកន្លែងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា និងបានបញ្ចូនមនុស្សចំនួន២៦០នាក់ ដែលភាគច្រើនជាជនជាតិអេត្យូពីចូលទៅក្នុងប្រទេសថៃ ហើយអ្នកបានជួយសង្រ្គោះនោះបាននិយាយថា ពួកគេត្រូវបានគេរំលោភបំពាន និងបង្ខំឱ្យចូលទៅក្នុងការឆបោកជាសកល។
ភស្តុតាងរួមគ្នា ដែលត្រូវបានគូសបញ្ជាក់ច្បាស់លាស់ខាងលើ គួរតែជាភស្តុតាងដែលអាចយកជាគោលការណ៍ក្នុងការថ្កោលទោសដ៏ធ្ងន់ធ្ងរលើបណ្តាញក្រុមឧក្រិដ្ឋជនទាំងនោះ ដែលមានមូលដ្ឋាននៅក្នុងនិងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ ហើយក្រុមនេះបានបង្កើតជាឧស្សាហកម្មដ៏ធំក្នុងតំបន់សម្រាប់ការជួញដូរមនុស្ស និងការឆបោកនៅក្នុងតំបន់។ ទីតាំងដែលអ្នកស៊ើបអង្កេតបានរកឃើញថាភស្តុតាងពាក់ព័ន្ធ នឹងការសម្របសម្រួល ឬការឃុបឃិតដោយមន្ត្រីព្រំដែន ហើយទីតាំងដែលជនរងគ្រោះរាយការណ៍ថាត្រូវបានបញ្ចូនឆ្លងកាត់ទឹកដីថៃទៅក្នុងទីតាំងឆបោក។ របាយការណ៍ទាំងនេះ អាចបង្ហាញបានអំពីបរាជ័យរបស់ស្ថាប័នរដ្ឋរបស់ថៃ ដែលអនុញ្ញាតឱ្យរឿងនេះកើតឡើង។ ការរាយការណ៍របស់សារព័ត៌មាន Reuters គឺច្បាស់លាស់ ដែលបង្ហាញប្រទេសថៃបាននឹងកំពុងក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់សម្រាប់ជនរងគ្រោះពីការជួញដូរ ដែលអ្នកទាំងនោះបានក្លាយជាទាសករនៅក្នុងទីតាំងឆបោកអនឡាញ។
កម្ពុជា ប្រទេសដែលរងគ្រោះពីបណ្តាញក្រុមជួញដូរមនុស្ស និងឆបោកក្នុងប្រទេសថៃ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រតិបត្តិករបោកប្រាស់តាមអ៊ីនធឺណិត ដែលមានទីតាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងកម្ពុជា ដោយលើកឡើងថា អំពើឆបោកអនឡាញនេះបានលួចលុយរាប់សិបពាន់លានដុល្លារពីជនជាតិអាមេរិកកាលពីឆ្នាំមុន។ បណ្តាញឧក្រិដ្ឋជនបានជួញដូរមនុស្សរាប់រយពាន់នាក់ចូលទៅក្នុងទីតាំងឆបោករាប់រយកន្លែងនៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលជនរងគ្រោះត្រូវបានបង្ខំឱ្យជាប់បំណុល និងធ្វើការឆបោកតាមអ៊ីនធឺណិត។ ហេតុដូចនេះហើយបានជាវិបត្តិនៃការជួញដូរមនុស្ស និងការបោកប្រាស់របស់កម្ពុជា ជាមួយផ្នែកធំមានទំនាក់ទំនងជាមួយក្រុមបណ្តាញឧក្រិដ្ឋជនដែលឆ្លងកាត់តាមប្រទេសថៃ។
មានការស៊ើបអង្កេត និងសកម្មភាពអនុវត្តច្បាប់ជាច្រើនបានបង្ហាញថា ក្រុមអ្នកជួញដូរមនុស្សបានទាញយកប្រយោជន៍ពីទីតាំងនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា និងថៃ-កម្ពុជា យកជាច្រករបៀងឆ្លងកាត់។ បរិវេណទីតាំង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មនៅខាងទឹកដីថៃ ឬនៅតាមបណ្តោយព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា គឺអាចធ្វើដំណើរឆ្លងតាមផ្លូវកាត់ក្នុងទឹកដីថៃ។ សារព័ត៌មាន Reuters និងសារព័ត៌មានអន្តរជាតិដទៃទៀតបានពិពណ៌នាថា ជនរងគ្រោះត្រូវបានរងរបួស នៅតាមផ្លូវបញ្ចូនទៅក្នុងមជ្ឈមណ្ឌលបោកប្រាស់បន្ទាប់ពីបានឆ្លងកាត់ប្រទេសថៃ។
នៅដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាបានបង្កើតក្រុមការងារកម្រិតខ្ពស់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងបានបើកការបង្ក្រាបដ៏ធំលើទីតាំងឆបោកដ៏ធំនៅក្នុងអគារជាច្រើន ដែលជួលដោយជនបរទេសជាក្រុមបណ្តាញក្រុមជួញដូរមនុស្ស។ ប្រតិបត្តិការវាយឆ្មក់នេះ បានធ្វើការចាប់ខ្លួន និងការនិរទេសជនជាតិបរទេសរាប់ពាន់នាក់ ដែលពាក់ព័ន្ធទៅនឹងបណ្តាញឧក្រិដ្ឋកម្មនៅក្នុងប្រទេស មីយ៉ាន់ម៉ា-ថៃ-កម្ពុជា។ យោងតាមការរាយការណ៍របស់សារព័ត៌មានអន្តរជាតិ AP បានបញ្ជាក់ថា ការបង្ក្រាបក្រុមជួញដូរមនុស្សរបស់កម្ពុជា បានបង្ហាញពីកំណត់សម្គាល់ថា ឧស្សាហកម្មបោកប្រាស់នេះ បានប្រើប្រាស់លំហូរការងារឆ្លងព្រំដែន និងជាភស្តុភារឧក្រិដ្ឋកម្មក្នុងតំបន់ចេញពីប្រទេសថៃ។
របាយការណ៍របស់ UNODC បានឱ្យដឹងថា ទីតាំងឆបោកនិងការជួញដូរនៅក្នុងប្រទេសមីយ៉ាន់ម៉ា-ថៃ និងកម្ពុជា គឺមានប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នាដូចជាការជ្រើសរើសបុគ្គលិកក្លែងក្លាយ ការបង្ខិតបង្ខំ និងអំពើហិង្សា។ ទាំងនេះគឺជាឧក្រិដ្ឋកម្មឆ្លងដែន និងមិនមែនជាការចៃដន្យនោះទេ ពោលគឺមានការសម្របសម្រួលគាំទ្រដោយអ្នកសម្របសម្រួលក្នុងនៅតាមបណ្តោយព្រំដែនឆ្លងកាត់ និងមន្រ្តីប៉ុស្តិ៍ត្រួតពិនិត្យដែលពុករលួយ។ ការត្រួតពិនិត្យការអនុវត្តច្បាប់ពហុប្រទេសបានចេញរាយការណ៍ថា ជនអន្តោប្រវេសន៍ថៃ ឬមន្ត្រីមូលដ្ឋានដែលជាប់ពាក់ព័ន្ធ គឺមិនបានយកចិត្តទុកដាក់ឬអើពើលើទីតាំងប្រតិបត្តិការរបស់ក្រុមជួញដូរមនុស្ស ដែលត្រូវបានបង្កើតឡើងនៅប្រទេសថៃនោះឡើយ។ សូម្បីតែនៅពេលដែលអាជ្ញាធរថៃបដិសេធលើរឿងនេះក៏ដោយ ក៏ភស្តុតាងនៃការស៊ើបអង្កេតជាបន្តបន្ទាប់ និងទម្រង់បែបបទនៃចាប់ខ្លួនបង្ហាញថា ដែនដីនិងស្ថាប័នរបស់ប្រទេសថៃ ត្រូវបានប្រើប្រាស់ជានិច្ចកាល និងជាផ្នែកនៃលំហូរនៃការជួញដូរមនុស្សទាំងនេះ។
កម្ពុជាត្រូវតែឆ្លើយតបដាច់ខាត ដោយការបង្រ្កាបក្រុមឧក្រិដ្ឋជន ការកាត់ទោសអ្នកដែលឃុបឃិតជាមួយក្រុមឧក្រិដ្ឋជនទាំងនោះ ការរឹតបន្តឹងការអនុវត្តច្បាប់ឆ្លងដែន ការការពារជនរងគ្រោះ និងការរៀបចំឡើងវិញនៃការគ្រប់គ្រងព្រំដែន ការប្រើប្រាស់យន្តការប្រឆាំងអំពើពុករលួយ ប្រឆាំងនឹងប្រព័ន្ធការងារដែលត្រូវបានកេងប្រវ័ញ្ចដោយក្រុមជួញដូរមនុស្ស។ ទាំងប្រទេសកម្ពុជា និងប្រទេសនៅក្នុងតំបន់ បានទទួលរងយ៉ាងខ្លាំងពីក្រុមជួញដូរមនុស្ស និងឆបោកអនឡាញ ដែលប្រតិបត្តិការចេញពីប្រទេសថៃ ក៏ដូចជាមន្ត្រីពុករលួយមួយចំនួន ហើយបានធ្វើឱ្យប្រទេសកម្ពុជាទទួលរងគ្រោះថ្នាក់ ជាពិសេសដោយសារតួនាទីរបស់ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលដ៏ធំ ជួយសម្រួលដល់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ច។ ប្រទេសថៃគួរតែចូលរួមទទួលខុសត្រូវ ដោយការដាក់យន្តការបង្រ្កាបក្រុមឧក្រិដ្ឋជន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាការហ៊ានប្រឈមមុខប្រឆាំងនឹងមន្រ្តីពុករលួយ និងអ្នកជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ទើបតំបន់អាស៊ីអាគ្នេយ៍អាចលុបបំបាត់ទីតាំងឆបោកអនឡាញនិងការជួញដូរមនុស្ស៕
ប្រភព៖ Fresh News
សម្រួល៖ ចិន្តា ទីទិ

