យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះមានតម្លៃទឹកប្រាក់ ១,០៥ប៊ីលានដុល្លារអាម៉េរិក ធ្លាក់ចុះ៨%ខណៈការនាំចូលរបស់កម្ពុជាពីប្រទេសចិនវិញ មានតម្លៃទឹកប្រាក់ ១១,៦៣ប៊ីលានដុល្លារអាម៉េរិកកើនឡើង៣០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដូចនេះកម្ពុជាបានស្នើឱ្យប្រទេសចិនជួយសម្រួលនីតិវិធីនាំចេញ និងកាត់បន្ថយភាពស្មុគស្មាញផ្សេងៗលើមុខទំនិញឧស្សាហកម្មចំនួន២៥មុខ និងផលិតផលកសិកម្មចំនួន១៣មុខរបស់ខ្លួនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើពិពិធកម្មទីផ្សារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រួមជាមួយមន្ត្រីពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើឡើងដូចនេះក្នុងអំឡុងពេលធ្វើដំណើរទៅទីក្រុងប៉េកាំង ប្រទេសចិនដើម្បីពិភាក្សាជាមួយភាគីចិនក្នុងការពង្រីកការនាំចេញផលិតផលកម្ពុជាឲ្យបានច្រើនថែមទៀតទៅទីផ្សារចិន។
ថ្លែងក្នុងវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” កាលពីថ្ងៃទី២ខែតុលានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា កាលពីពេលថ្មីៗលោក និងគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនដែលជាសហប្រធានក្រុមការងារអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយស្នើឲ្យភាគីចិនពិនិត្យឡើងវិញនូវរាល់នីតិវិធីទាំងអស់ដើម្បីជួយសម្រួលដល់ការនាំចេញផលិតផលរបស់កម្ពុជាទៅប្រទេសចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកការនាំចេញទៅប្រទេសចិនគឺមានការលំបាកណាស់ ជាពិសេសផលិតផលកសិផលដោយមានការត្រួតពិនិត្យតឹងរឹងចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល និងការវេចខ្ចប់ដែលមានរយៈពេលពីរឆ្នាំទើបទទួលបានការអនុញ្ញាតឲ្យនាំចេញបានមួយមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការធ្វើពិពិធកម្មទីផ្សារលើសពីទីផ្សារសហរដ្ឋអាម៉េរិកដែលបច្ចុប្បន្នមានចំណែកដ៏ធំរហូតដល់ទៅ៣៧%នៃការនំាចេញសរុប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏កំពុងស្វែងរកការទាក់ទាញវិនិយោគិនចម្រុះជាតិសាសន៍មកពីប្រទេសផ្សេងៗស្របពេលដែលសព្វថ្ងៃនេះចិនគឺជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា។
ម៉្យាងវិញទៀត នៅចំពោះមុខនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងការបិទច្រកព្រំដែនគោកដោយឯកតោភាគីពីភាគីថៃ កម្ពុជា ក៏កំពុងបង្វែរទីផ្សារកសិផលរបស់បណ្តាខេត្តជាប់ព្រំដែនជាមួយថៃ ដែលធ្លាប់ពឹងផ្អែកលើទីផ្សារថៃទៅប្រទេសផ្សេងៗរួមទាំងចិន និងវៀតណាមផងដែរ។
កម្ពុជា និងចិនមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធរួចហើយដែលពង្រឹងដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនដែលបានចុះហត្ថលេខានៅឆ្នាំ២០២០ និងអនុវត្តនៅឆ្នាំ២០២២ ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះបានកត់សម្គាល់ថា បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន១៦មុខត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេនដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម




