លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដីក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេចមិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។
លោកជំទាវអភិបាលខេត្តបានលើកឡើងដូចនេះនៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់នាយទាហាន និងពលទាហាននៃកងរាជអាវុធហត្ថនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិននាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ។
លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះសភាពការណ៍កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំងនៅតាមបន្ទាត់ព្រំដែនដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ ត្រូវរងចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយលើបូរណៈភាពទឹកដីប្រទេសកម្ពុជារបស់យើង។
ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហានគ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបានក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពរស់នៅមានជីវភាពល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម






