Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-វៀតណាម ចុះកិច្ចសហការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គចិត្តវៀតណាម ដែលពលីកាលពីសម័យសង្គ្រាម នៅខេត្តព្រះសីហនុ

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ កម្ពុជា-វៀតណាម បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា សម្រាប់ដំណាក់កាល២៥ (រដូវប្រាំង ២០២៥-២០២៦) នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក សុខ ភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តព្រះសីហនុ ជាមួយលោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានហ្សាង នៃប្រទេសវៀតណាម។

ជាកិច្ចចាប់ផ្តើម លោក សុខ ភា ប្រធានគណៈកម្មការជំនាញខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់លោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្តអានហ្សាង ព្រមទាំងប្រតិភូអមដំណើរទាំងអស់ ដែលបានអញ្ជើញមកបំពេញបេសកកម្មជាតិ ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំនៅលើទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុ។

លោក សុខ ភា បានលើកឡើងថា ដោយអនុវត្តតាមកំណត់ហេតុរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក៏ដូចជាកំណត់ហេតុកិច្ចប្រជុំរវាងខេត្តទាំងពីរ(ព្រះសីហនុ-អានហ្សាង) ក្នុងកិច្ចសហប្រតិបត្តិការរុករក ជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ភាគីទាំងពីរបានអនុវត្តន៍ដោយយកចិត្តទុកដាក់ក្នុងស្មារតីសាមគ្គីភាព កិច្ចសហការ ទំនាក់ទំនងល្អ និងរួមគ្នាអនុវត្តប្រតិបត្តិនូវខ្លឹមសារកំណត់ហេតុ សម្រេចបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ជារៀងរាល់ឆ្នាំ គណៈកម្មការជំនាញខេត្តទាំងពីរ តែងតែពិភាក្សា និងបង្កើនកិច្ចសហប្រតិបត្តិការ ពង្រឹងចំណងសាមគ្គីភាពមិត្តភាពកាន់តែជិតស្និទ្ធ និងរឹងមាំគ្រប់កាលៈទេសៈ។

នាឱកាសនោះ លោក ឡេ ទ្រុងហូ គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក សុខ ភា ប្រធានគណៈកម្មការជំនាញខេត្តព្រះសីហនុ ហើយនិងប្រជាជនខេត្តព្រះសីហនុទាំងអស់ ដែលបានផ្ដល់លក្ខណៈងាយស្រួល និងសហប្រតិបត្តិការដោះស្រាយរាល់ការងាររាំងស្ទះបានទាន់ពេលវេលាជាប្រចាំជូនក្រុម K92 របស់គណៈកម្មការជំនាញខេត្តអានហ្សាង អនុវត្តភារកិច្ចនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោក ឡេ ទ្រុងហូ បានគូសបញ្ជាក់ថា ក្រោមការឧបត្ថម្ភគាំទ្រពីគណៈកម្មការជំនាញខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកពនប់ និងស្រុកកំពង់សីលា ក្នុងរដូវប្រាំងឆ្នាំ២០២៤-២០២៥ ក្រុមអ្នកជំនាញការ K92 ខេត្តអានហ្សាងនៃប្រទេសវៀតណាម បានធ្វើការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជាក្នុងទឹកដីខេត្តព្រះសីហនុបានចំនួន ១អដ្ឋិធាតុ ហើយបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសវៀតណាមរួចរាល់ ។

គូសបញ្ជាក់ដែរថា យោងតាមសន្ធិសញ្ញារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខានាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ នៅរាជធានីភ្នំពេញ និងយោងកំណត់ហេតុប្រជុំលើកទី២៤ រវាងគណៈកម្មការជំនាញរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម) ស្តីពីការបន្ត ជីករុករក ការគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីនៅលើទឹកដីកម្ពុជានាសម័យសង្គ្រាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ប៉ៃ សុឃីម

Comments

Loading comments…