Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចហ៊ុន សែនប្រាប់ឱ្យអ្នករកស៊ីប្តូរប្រាក់ កុំរកចំណេញហួសហេតុដោយបញ្ចុះតម្លៃប្រាក់បាតដំឡើងថ្លៃប្រាក់រៀលធ្វើឱ្យអ្នកដូរប្រាក់ខាតបង់

Historical original · translation unavailable

បន្ទាប់ពីសម្តេច ហ៊ុន សែន បានបង្ហោះសារមួយឃ្លាថា «ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង»។ សារមួយឃ្លានេះហើយ បាននាំឱ្យប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យដែលមានប្រាក់បាតថៃ នាំគ្នាទៅដូរយកប្រាក់រៀល។ ទន្ទឹមនឹងនេះ សម្តេចប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជា បានអំពាវនាវឱ្យអ្នករកស៊ីប្តូរប្រាក់មេត្តាកុំរកចំណេញហួសហេតុដោយបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀលធ្វើឱ្យអ្នកត្រូវការប្តូរប្រាក់ខាតបង់។

សម្តេចប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្តាញតេឡេក្រាមនៅព្រលប់ថ្ងៃទី០៨ ខែតុលាថា វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ សម្តេច បញ្ជាក់ថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ សម្តេច ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៊ីនៅក្នុងប្រទេសថៃ ហើយនាពេលខាងមុខប្រាក់បាតថៃ នឹងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយនិងទុកប្រាក់បាតថៃ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៀតថា៖ «ខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៊ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឱ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់»។ បើតាមសម្តេចតេជោ ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ លើសពីនេះ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…