បន្ទាយមានជ័យ៖ កងកម្លាំងរបស់ប្រទេសថៃរាប់រយនាក់ បានបំពានលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
តាមការរាយការណ៍របស់អ្នកសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅភូមិព្រៃចាន់បានបញ្ជាក់ប្រាប់ថា កងកម្លាំងថៃដែលប្រដាប់ដោយអាវុធ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ បានចូលទៅធ្វើសកម្មភាពឈូសឆាយដីនៅក្នុងតំបន់ភូមិព្រៃចាន់ ចាប់តាំងពីព្រឹក និងបន្តរហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ។
តំបន់ដែលកងកម្លាំងថៃបានធ្វើសកម្មភាពនោះ ជាតំបន់ស្ថិតនៅក្នុងព្រំប្រទល់ភូមិសាស្ត្រកម្ពុជាដែលបានកំណត់ច្បាស់លាស់តាមផែនទីផ្លូវការ ហើយក៏ជាតំបន់ដែលធ្លាប់មានករណីបំពានដូចគ្នាកាលពីមុន។
សេចក្ដីរាយការណ៍បន្ថែមថា សម្រាប់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ដើម្បីរកដំណោះស្រាយតាមបណ្តាញការទូត និងរក្សាសន្តិភាពតាមបែបសហការណ៍ក្នុងតំបន់៕
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ





