កាកបាទក្រហមអន្តរជាតិ អះអាងថា យោធិនកម្ពុជាទាំង១៨រូប ដែលថៃកំពុងឃុំខ្លួន គឺមានសុខភាពល្អ និងបានទទួលទានអាហារប្រចាំថ្ងៃបានធម្មតា ហើយសន្យាថា នឹងជំរុញឱ្យមានការដោះលែងមកវិញតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ សារលិខិតដែលសរសេរដោយយោធិនជាប់ឃុំ ត្រូវបានកាកបាទក្រហមអន្តរជាតិនាំយកមកប្រគល់ជូនកាកបាទក្រហមកម្ពុជាជាលើកទី២ ដើម្បីបន្តយកទៅប្រគល់ជូនក្រុមគ្រួសារនៅតាមបណ្ដាខេត្តដែលកំពុងរងចាំដំណឹង។ ចំណែកលិខិតដែលសរសេរដោយយោធិនជាប់ឃុំនៅថៃទាំង១៨រូប បានប្រគល់ជូនក្រុមគ្រួសារលើកទី១ នៅថ្ងៃទី០៨ ខែកញ្ញា។
ការអះអាង និងប្រគល់សារជូនដំណឹងនេះ ធ្វើឡើងក្នុងជំនួបដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោក ចច ម៉ុនតានី ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១៣ ខែតុលា។ កាកបាទក្រហម គឺជាអង្គការអន្តរជាតិតែមួយគត់ ដែលថៃអនុញ្ញាតឱ្យចូលពិនិត្យមើលពីស្ថានភាពរបស់យោធិនកម្ពុជាទាំង១៨រូប ដែលត្រូវពួកទាហានថៃចាប់ និងបន្តឃុំខ្លួន។ ស្ថាប័ននេះ ក៏បាននាំយកលិខិតដែលសរសេរដោយក្រុមគ្រួសាររបស់យោធិនទាំង១៨រូបនៅកម្ពុជាទៅប្រគល់ជូនយោធិនជាប់ឃុំនៅថៃដោយផ្ទាល់ផងដែរ។ យ៉ាងណា គិតត្រឹមថ្ងៃទី១៤ ខែតុលា គឺមានរយៈពេល៧៧ថ្ងៃហើយដែលយោធិនកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ រដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងយោធិនទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យយោធិនទាំងនោះបានមកជួបជុំក្រុមគ្រួសាររ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃទី០៨ ខែតុលាថា ថៃនឹងមិនប្រគល់យោធិនទាំង១៨នាក់មកឱ្យកម្ពុជាវិញឡើយ បើជម្លោះព្រំដែនប្រទេសទាំងពីរមិនទាន់បញ្ចប់ជាផ្លូវការ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







