Skip to main content
Preah Sihanouk Provincial Television
Log in

១៣ឆ្នាំនៃការយាងសោយព្រះទិវង្គតសម្តេចព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ

Historical original · translation unavailable

ថ្ងៃនេះគឺជាខួប១៣ឆ្នាំនៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

«សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ»។ នេះជាសាររបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបង្ហោះនៅលើបណ្តាញសង្គម នាថ្ងៃគម្រប់ខួប១៣ឆ្នាំនៃការយាងសោយព្រះទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត។

ដូចជាបណ្តាឆ្នាំមុនៗផងដែរ ឥស្សរជននយោបាយ និងបណ្តាថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន បានដឹកនាំមន្ត្រីរបស់ខ្លួន ទៅចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ ការសោយទិវង្គតនៃអង្គសម្តេចឪ មិនត្រឹមតែជាដំណឹងដ៏សោកសៅសម្រាប់ប្រជារាស្ត្រខ្មែរនោះឡើយ ប៉ុន្តែក៏បានធ្វើឱ្យមេដឹកនាំក្នុងពិភពលោកសម្តែងការសោកស្តាយជាពន់ពេកផងដែរ ជាពិសេសបណ្តាមេដឹកនាំដែលធ្លាប់មានទំនាក់ទំនងដ៏ល្អជាមួយព្រះអង្គ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…