Skip to main content
Preah Sihanouk Provincial Television
Log in

សម្ដេចឃួន សុដារី ស្នើឱ្យចិនពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ អប់រំ និងទេសចរណ៍ បន្តពង្រឹងមិត្តភាពដែកថែបកម្ពុជា–ចិន

Historical original · translation unavailable

នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្ត្រី ដែលប្រព្រឹត្តនៅក្នុងរដ្ឋធានីប៉េកំាង។

ឯកឧត្តម ចាវ ឡឹជី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេចប្រធានរដ្ឋសភា និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំសំខាន់នេះ ហើយបានឆ្លៀតពេលជួបពិភាក្សាការងារជាមួយសម្ដេចក្នុងឱកាសនោះ។

វត្តមានសម្ដេចប្រធានរដ្ឋសភានៅពេលនេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្ដេច ឃួន សុដារី បានអបអរសាទរដល់ប្រជាជនចិន ដែលសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដោយមានឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល។ សម្ដេចមានជំនឿថា ប្រទេសចិននឹងបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥ និងសម្រេចបានគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីក្លាយជាប្រទេសសង្គមនិយមទំនើប រុងរឿង និងសុខដុមរមនា។

ថ្នាក់ដឹកនាំសភាទាំងពីរបានលើកឡើងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ មិត្តភាពកម្ពុជា–ចិន តែងតែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំតជំនាន់ ហើយកំពុងរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈររហូតក្លាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

ឆ្នាំ២០២៥ ត្រូវបានកំណត់ជាឆ្នាំ “ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន” ដែលប្រទេសទាំងពីរ បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជាច្រើន ដើម្បីជំរុញទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនទាំងពីរ។

សម្ដេចប្រធានរដ្ឋសភា បានសរសើរភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា–ចិន ដែលកំពុងវិវត្តទៅជាវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្តែងជាលំដាប់។ សម្ដេចបានសង្កត់ធ្ងន់ថា មិត្តភាពដែកថែបរបស់ប្រទេសទាំងពីរ បង្កើតឡើងលើមូលដ្ឋាននៃការទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា និងផលប្រយោជន៍រួម ដោយយកប្រជាជនជាស្នូល។

ក្នុងឱកាសនេះ សម្ដេច ឃួន សុដារី បានស្នើឱ្យភាគីចិន ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍។ ព្រមទាំងស្នើឱ្យភាគីចិនបន្តជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ប្រជាជនចិន បន្ថែមលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស។

សម្ដេចក៏បានលើកឡើងអំពីការជំរុញសម្រេចឱ្យបាននូវគម្រោងសំខាន់ៗដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដើម្បីបន្ថែមសក្តានុពលសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជោគជ័យ៕

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…