Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចហ៊ុន សែនប្រាប់ម៉ាឡេស៊ីពីទង្វើយោធាថៃចាក់សំឡេងបាស់រំខានអ្នកភូមិខ្មែរ

Historical original · translation unavailable

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានចូលជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានព្រឹទ្ធសភានៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា។ ក្នុងជំនួបនេះ សម្ដេច ហ៊ុន សែន បានពន្យល់ទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីម៉ាឡេស៊ីអំពីស្ថានភាពនៃបញ្ហាព្រំដែនរួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬសំឡេងផ្សេងៗទៀតពីភាគីថៃរំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ៤យប់មកហើយ។ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។ ដូច្នេះ សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីម៉ាឡេស៊ីថា អ្វីដែលកម្ពុជាចង់បានគឺមិនត្រូវការឱ្យប្រទេសណាមួយ សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺការធ្វើយ៉ាងណាជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជានិងថៃឡើងវិញ។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្ដេចតេជោ មិនភ្លេចអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជានិងថៃ។ សម្ដេចតេជោបានបង្ហាញនូវការគោរព ចំពោះតួនាទីស្នូលរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានសារៈសំខាន់ណាស់ក្នុងការធ្វើយ៉ាងណាទាំងការធានាបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន។

ដោយឡែក សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាវិញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈឯកឧត្តមរដ្ឋមន្រ្តីម៉ាឡេស៊ីជូនចំពោះឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…