(ខេត្តព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្តគម្រោង «បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព និង អាជ្ញាធរមូលដ្ឋាន។
គម្រោងនេះមានរយៈពេលអនុវត្ត៤ឆ្នាំ ដែលមាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ដ ក្រសួងបរិស្ថាន ជាស្ថាប័នទទួលបន្ទុក និងមានអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat)ជាស្ថាប័នសម្របសម្រួល។ គោលបំណងសំខាន់ៗ នៃគម្រោងគឺដើម្បីលើកកម្ពស់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងកសាងភាពធន់នៅតំបន់លំនៅឋានតំបន់ឆ្នេរដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈសកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុជាពិសេសនៅតំបន់ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ។ ជារួម គម្រោងសម្រេចបានសមិទ្ធផលគួរជាទីមោទកដូចជា៖
• ដើមកោងកាងចំនួន ៥៨,៩ ហិកតាត្រូវបានស្ដារឡើងវិញ
• ការការពារការហូរចូលទឹកប្រៃតាមរយៈការជួសជុលទ្វារទឹក និងប្រឡាយទឹក
• ការរចនាលំនៅឋានដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការសាងសង់ផ្ទះគំរូចំនួន៧ សម្រាប់ប្រគល់ជូនគ្រួសារក្រីក្រងាយរងគ្រោះ នៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
• ប្រព័ន្ធលូបង្ហូរទឹក និងប្រព័ន្ធទឹកភ្លៀងត្រូវបានដំឡើងនៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
• ស្ថានីយអាកាសធាតុ និងឧបករណ៍វាស់កម្ពស់ទឹករលកដែលមានភ្ជាប់នឹងប្រព័ន្ធប្រកាសអាសន្នជាមុនត្រូវបានដំឡើងនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនោហ លោកអភិបាលរង បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោងកន្លងមក និងបានលើកឡើងថា គម្រោងនេះគឺជាការឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងការបន្សាំនៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ








