(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យម្ចាស់អាជីវកម្មទាំងអស់ផលិតទំនិញតំណាងឱ្យខេត្តព្រះសីហនុដើម្បីជម្រុញសក្តានុពលវិស័យឧស្សាហកម្ម ខណៈខេត្តមួយនេះជាគោលដៅទេសចរណ៍ និងជាប៉ូលអភិវឌ្ឍន៍គំរូពហុបំណង នាទិសនិរតីនៃប្រទេសកម្ពុជា។
នាឱកាសកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យឧស្សាហកម្ម នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, អភិបាលរងខេត្ត, អភិបាលក្រុង, ប្រធានមន្ទីរអង្គភាពនានា និងវិនិយោគិនក្នុងខេត្តព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយវិនិយោគិនគ្រប់ក្រុង-ស្រុកក្នុងវិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយនានា ដែលពួកគាត់ជួបបញ្ហាក្នុងរបបអាជីវកម្មបច្ចុប្បន្ន។ លើសពីនោះ ឯកឧត្តម បានជម្រុញនិងលើកទឹកចិត្តដល់អាជីវករទាំងអស់ឱ្យខិតខំប្រឹងប្រែងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីកំណើនសេដ្ឋកិច្ចខេត្ត ជាពិសេសបង្កើតផលិតផលអ្វីថ្មីដែលជាអត្តសញ្ញាណតំណាងឱ្យខេត្តព្រះសីហនុតែម្តង។
អភិបាលខេត្ត បានបន្តថារដ្ឋបាលខេត្តព្រះសីហនុនឹងបន្តជួយគាំទ្រស្វែងរកដៃគូវិនិយោគ និងដោះស្រាយបញ្ហានានា ដូចជាការកង្វះខាតថវិការពង្រីកអាជីវកម្ម រឺបញ្ហាដែលកើតឡើងជាយថាហេតុ។
ទន្ទឹមគ្នានេះ បងប្អូនអាជីវករ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ និងព្យាយាមដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋដោយមិនខ្លាចការងឿយហត់។ បន្ថែមពីនោះ ពួកគាត់បានសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុជួយដោះស្រាយបញ្ហាឯកសារផ្សេងៗ និងបញ្ហាការវិនិយោគផងដែរ៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ កែវ ដារ៉ា













