Skip to main content
Preah Sihanouk Provincial Television
Log in

ឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំរុញដល់អាជ្ញាធរ និងមន្ទីរអប់រំខេត្តកំពង់ស្ពឺយកចិត្តទុកដាក់គៀងគរកុមារគ្រប់អាយុឱ្យចូលរៀនគ្រប់ៗគ្នា

KPS99TVHistorical original · translation unavailable

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថាកុមារដែលគ្រប់អាយុចូលរៀនត្រូវតែបញ្ជូនឱ្យចូលសាលា ដើម្បីទទួលបានការអប់រំ។ ដូច្នេះអាជ្ញាធរ ក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញត្រូវគៀងគរកុមារគ្រប់អាយុទាំងអស់ ពិសេសត្រូវសម្របសម្រួលគ្រប់នីតិវីធីដើម្បីធ្វើយ៉ាងណាឱ្យកូនៗបងប្អូនពលករដែលទើបវិលត្រឡប់ពីប្រទេសជិតខាងបានចូលរៀនបានគ្រប់គ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងដូចនេះ នៅក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការងារជូនលោកគ្រូ អ្នកគ្រូចំនួន១៣១៤នាក់ ក្នុងក្រមខណ្ឌមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅអាជ្ញាធរក្រុងស្រុក និងខេត្ត ពិសេសមន្ទីរអប់រំយុវជន និងកីឡា បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មូលដ្ឋាន និងសហគមន៍ ដើម្បីគៀងគកុមារដែលគ្រប់អាយុបានចូលរៀនគ្រប់គ្នាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា កុមារដែលគ្រប់អាយុចូលរៀនត្រូវតែបញ្ជូនឱ្យចូលសាលា ដើម្បីទទួលបានការអប់រំ។

ឯកឧត្តមបានបញ្ជាក់ថា គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ និងជាអ្នកតម្រង់ទិសកុមារ និងយុវជនកម្ពុជា ឱ្យក្លាយជាពលរដ្ឋពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ស្របតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងអប់រំយុវជន និងកីឡា ចាប់ពីឆ្នាំ២០១៤មក បានកំណត់យកកំណែទម្រង់សាលាគរុកោសល្យជាអាទិភាព ធ្វើឱ្យប្រសិទ្ធភាពនៃការបង្រៀននិងរៀនទទួលបានលទ្ធផលល្អ សិស្សមានគុណភាពធ្វើឱ្យការប្រឡងនៅគ្រប់កម្រិតមានការកើនឡើង ពិសេសការប្រឡងសញ្ញាបត្រទុតិយភូមិសិស្សជាប់និទ្ទេសAឲ្យបានច្រើននាក់ពី១ឆ្នាំ១ឆ្នាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា វាគឺការលះបង់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូក្នុងការបង្រៀន ដែលធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ជាពិសេសនៅកម្រិតមូលដ្ឋាន ដែលអាចឱ្យពួកគាត់មានមូលដ្ឋានចំណេះដឹងសម្រាប់បន្តការសិក្សាទៅភូមិសិក្សាបន្ទាប់ ឬចាប់យកជំនាញវិជ្ជាជីវៈក្រោយបញ្ចប់ការសិក្សាប្រកបដោយគុណភាព៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

Comments

Loading comments…