ឧត្តរមានជ័យ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:២០នាទីព្រឹក នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បានរៀបចំ កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនាពេលរសៀល។
ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ ខណៈភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា និងថៃ ដើម្បីតាមដាន និងផ្ទៀងផ្ទាត់ការអនុវត្តន៍នៃបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងសន្ដិសុខ។
គោលបំណងសំខាន់នៃកិច្ចប្រជុំពិសេសនេះ គឺពិភាក្សា និងរៀបចំនូវផែនការជាក់លាក់សម្រាប់ ការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាបន្តបន្ទាប់ ក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ នេះជាជំហានសំខាន់មួយក្នុងការកាត់បន្ថយភាពតានតឹងផ្នែកយោធា និងបង្កើនទំនាក់ទំនងសុខសាន្ដរវាងទ័ពទាំងពីរ។
កិច្ចប្រជុំនេះក៏ជាការបន្តនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានបង្ហាញនូវកាយវិការប្រកបដោយសុច្ឆន្ទៈ ដោយបានធ្វើការដករថពាសដែកចំនួន ២ គ្រឿងរបស់ភាគីម្ខាងៗត្រឡប់ទៅទីតាំងដើមវិញ កាលពីថ្ងៃទី២៦ ខែតុលា វេលាម៉ោង ០៩:០០នាទីយប់ ដើម្បីបង្ហាញពីសុច្ឆន្ទៈនៃការសហការផ្នែកយោធា។
តាមរបៀបវារៈនៃកិច្ចប្រជុំនេះ ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ បានសម្រេចលទ្ធផលវិជ្ជមាន និងកំណត់ផែនការបន្តសម្រាប់កិច្ចប្រជុំពិសេសនាពេលរសៀល ដែលរំពឹងថានឹងជំរុញឱ្យការអនុវត្តបទឈប់បាញ់កាន់តែមានប្រសិទ្ធភាព និងរឹងមាំ។
ក្រសួងការពារជាតិ តាមរយៈអ្នកនាំពាក្យ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា កិច្ចប្រជុំពិសេសនេះ ជារូបសញ្ញានៃការប្តេជ្ញាចិត្តរួមរបស់កងទ័ពទាំងពីរ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពតំបន់។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ









