Skip to main content
Preah Sihanouk Provincial Television
Log in

បង្កងពូជ និងកូនត្រីចម្រុះជាង៨ម៉ឺនក្បាលត្រូវបានប្រលែងចូលក្នុងបឹងធម្មជាតិដំណាក់ក្រាញ់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

KPS99TVHistorical original · translation unavailable

ឯកឧត្តម ណៅ ធួក និងឯកឧត្តម ម៉េង កល្យាណ បានលើកឡើងថា គោលដៅដែលនាំយកបង្កងពូជមកលែងក្នុងបឹងធម្មជាតិនៅទីនេះគឺ ចង់បង្កើតមុខរបរឱ្យប្រជាពលរដ្ឋចេះចិញ្ចឹមបង្កង ជួយដល់កុមារ និងប្រជាពលរដ្ឋនៅជុំវិញតំបន់នេះអាចរកប្រាក់ចំណូលពីការចាប់បង្កងលក់ និងបង្កើតមុខរបរកសិទេសចរ ដែលអាចទាក់ទាញទេសចរមកកាន់តំបន់នេះបានកាន់តែច្រើន ជាមួយនឹងការទទួលទានអាហារ និងបង្កងធម្មជាតិស្រស់ៗដែលបានមកពីការនេសាទក្នុងបឹងធម្មជាតិពិតៗ។

ឯកឧត្តមតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីលែងបង្កងពូជ និងកូនត្រីចម្រុះជាង៨ម៉ឺនក្បាលក្នុងបឹងធម្មជាតិ ដោយសហការជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ នៅដំណាក់ក្រាញ់ដែលជាតំបន់ទេសចរណ៍ស្ថិតក្នុងភូមិសន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៥។

លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់បានលើកឡើងថា បង្កងពូជជាង៥ម៉ឺនក្បាល និងកូនត្រីចម្រុះជាង៣ម៉ឺនក្បាលសរុបជាង៨ម៉ឺនក្បាលលែងក្នុងបឹងធម្មជាតិដំណាក់ក្រាញ់នាពេលនេះ គឺជាលើកដំបូងបានធ្វើពិធីលែងបង្កងពូជចូលក្នុងបឹងដ៏ធំមួយនេះហើយក៏ជាកន្លែងទេសចរណ៍មួយផងដែរ ក្នុងចំណោមតំបន់ទេសចរណ៍នានាក្នុងខេត្តពោធិ៍សាត់ ដែលមានចម្ងាយជិត៣០គ.ម ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយជាង១១គ.មពីទីរួមស្រុកក្រគរ។

ឯកឧត្តម ណៅ ធួក តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកម៉េង កល្យាណ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជា បានបញ្ជាក់ថាគិតមកថ្ងៃនេះ លោកបានលែងបង្កងពូជ និងកូនត្រីចម្រុះដែលត្រីពូជមួយចំនួនស្ទើផុតពូជ បានចំនួន៧ខេត្តមកហើយរាប់ទាំងខេត្តពោធិ៍សាត់ផងដែរ។

គោលបំណងចម្បងរបស់លោកទាំងពីរ គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសប្រមូលផលបង្កងទឹកសាបឱ្យបាន១០០តោនឡើងទៅក្នុង១ឆ្នាំ ដែលសព្វថ្ងៃនេះប្រជាពលរដ្ឋយើងប្រមូលផលបង្កងទឹកសាបបានប្រមាណជាង២០តោនប៉ុណ្ណោះក្នុង១ឆ្នាំៗ។

បច្ចុប្បន្នប្រទេសកម្ពុជាយើងមានបឹង និងដីព្រៃលិចទឹកប្រមាណជាង៣លានហិកតាដែលជាអំណោយផលល្អសម្រាប់យើងអភិរក្សពូជបច្ឆាជាតិ ពិសេសបង្កងដែលមានតម្លៃខ្ពស់លើទីផ្សារខ្ពស់។

ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរស់នៅជុំវិញតំបន់នេះ ចូលរួមថែរក្សាការពារអភិរក្សបង្កងពូជ និងកូនត្រីចម្រុះដែលបានលែងទាំងនេះឱ្យបានគង់វង្សដើម្បីបង្កើតកូនចៅឱ្យបានច្រើននៅក្នុងបឹងធម្មជាតិនេះផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…