នៅក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងផ្តល់អនុសាសន៍សំខាន់ចំនួន១១ចំណុច ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភជាតិឱ្យកាន់តែប្រសើរ។
សម្តេចបវរធិបតីបានបញ្ជាក់ថា អាហារូបត្ថម្ភ និងសន្តិភាពមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ប្រទេសណាដែលប្រជាពលរដ្ឋមានសុខុមាលភាពល្អ មានសន្តិសុខស្បៀងគ្រប់គ្រាន់ នោះជាសង្គមដ៏រឹងមាំ មានភាពធន់ និងស្ថិរភាព។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលជួបប្រទះអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភ មិនអាចរក្សាសន្តិភាព និងសុខភាពផ្លូវកាយផ្លូវចិត្តបានឡើយ។
សម្តេចតេជោបានរំលឹកថា សន្តិភាពបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពប្រជាពលរដ្ឋ ដោយអនុញ្ញាតឱ្យគ្រួសារខ្មែរ មានលទ្ធភាពប្រកបអាជីវកម្ម ធ្វើសេដ្ឋកិច្ច និងបរិភោគអាហារយ៉ាងសុខសាន្ត។ ពោលគឺ បើគ្មានសន្តិភាពទេ ក៏មិនអាចមានសន្តិសុខស្បៀង និងអាហារូបត្ថម្ភបានដែរ។
នៅក្នុងសារលិខិតនោះ (សេចក្តីសង្ខេប) សម្តេចតេជោបានលើកឡើងពី អនុសាសន៍១១ចំណុចសំខាន់ៗ ដែលរួមមាន៖
- ការសម្របសម្រួលគោលនយោបាយអាហារូបត្ថម្ភជាតិក្នុងគ្រប់វិស័យ
- ការពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព
- ការផ្សព្វផ្សាយអប់រំអាហារូបត្ថម្ភ និងការបំបៅទឹកដោះម្តាយ
- ការធានាសុវត្ថិភាពម្ហូបអាហារពីកសិដ្ឋានដល់តុបរិភោគ
- ការអប់រំសិស្សអំពីអាហារូបត្ថម្ភ និងការហាមឃាត់ផលិតផលប៉ូវកម្លាំងនៅសាលារៀន
- ការកែលម្អប្រព័ន្ធស្បៀងបម្រុង និងការផ្តល់ជំនួយនៅពេលមានគ្រោះមហន្តរាយ
- ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
- ការអភិវឌ្ឍបរិស្ថាន និងការដាំដើមឈើសម្រាប់ភាពធន់នៃប្រព័ន្ធអាហារូបត្ថម្ភ
- ការបញ្ចូលមីក្រូសារជាតិក្នុងម្ហូបអាហារ
- ការចលនាប្រជាពលរដ្ឋដាំដុះផលស្បៀង និងចិញ្ចឹមសត្វក្នុងគ្រួសារ
- និងការលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុក ដោយគោរពអនាម័យ និងសុវត្ថិភាពម្ហូបអាហារ។
សម្តេចតេជោបានអំពាវនាវឱ្យ ប្រជាពលរដ្ឋគ្រប់រូបរួមចំណែកជួយលើកកម្ពស់អាហារូបត្ថម្ភ និងអនាម័យជាតិ តាមស្លោក “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីសុខភាពល្អ សង្គមរីកចម្រើន និងសន្តិភាពយូរអង្វែង។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ





