Skip to main content
Preah Sihanouk Provincial Television
Log in

ឥទ្ធិពលព្យុះហ្វុងវង់នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ផ្គររន្ទះនិងខ្យល់កន្រ្តាក់ដល់ថ្ងៃ១២វិច្ឆិកា!

KPS99TVHistorical original · translation unavailable

ព្យុះទី២៦ ឈ្មោះហ្វុង វង់ (Fung-wong) T2526 មានឥទ្ធិពលលើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា ដែលកត្តានេះនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់ស្ទើរទូទាំងប្រទេសពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងបញ្ជាក់ថា ព្យុះនេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា  សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជា មិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះហ្វុង វង់នេះទេ។

ដូច្នេះតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ចន្លោះពី០,៥០ម៉ែត្រទៅ១,៧៥ម៉ែត្រ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…