Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តព្រះសីហនុត្រៀមជួយសម្របសម្រួលដល់គម្រោងវិនិយោគថ្មីៗបន្ថែម

KPS99TVHistorical original · translation unavailable

ឯកឧត្តម ម៉ាង ស៊ីណេត លើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈក្រុមការងារបានត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រ ប្រឹក្សាយោបល់ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជួយដល់គម្រោងវិនិយោគថ្មីៗបន្ថែមទៀត ព្រមទាំងធានាលើការវិនិយោគក្នុងខេត្តព្រះសីហនុ។ ការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពី«កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត» នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូដ៏សំខាន់បំផុតក្នុងការបង្កើតការងារ ការបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្ត ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងសកលលោក។ ឈរលើមូលដ្ឋាននេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥ រួមមាន៖ ១. ការអភិវឌ្ឍទីផ្សារការងារ, ២. ការលើកស្ទួយសហគ្រាសធុនមីក្រូតូច និងធម្យម ធុរកិច្ចថ្មី សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ៣. ការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន, ៤. ការពង្រឹងការប្រកួតប្រជែង និង៥. ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

ចំណែក លោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ បានលើកឡើងថា វត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជានៅខេត្តព្រះសីហនុ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ខណៈពេលដែលសហគ្រិនទទួលបាននូវឱកាសកសាងសមត្ថភាព ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈកម្មវិធីនានារបស់សមាគម ជាពិសេសតាមរយៈមគ្គុទេសក៏វិនិយោគប្រចាំខេត្ត និងវគ្គបណ្តុះបណ្តាលជាច្រើនទៀតដល់សហគ្រាសធុនតូច និងមធ្យមតាមតំបន់ឆ្នេរ។

«យើងនឹងរីកចម្រើនជាមួយគ្នា»។ នេះជាការលើកឡើងរបស់លោក ហុង ប៊ុនទី ដែលបានស្នើទៅសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ សហគ្រិនវ័យក្មេង អាជីវករ សិស្សានុសិស្ស និងតួរអង្គពាក់ព័ន្ធនានា ចូលរួមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាបណ្តាញ ជាសមាគម និងជាប្រយោជន៍គាំទ្រគ្នាទៅវិញទៅមក។

រីឯឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា សិក្ខាសាលានាពេលនេះ គឺជាការល្អបំផុតសម្រាប់សហគ្រិនតូច មធ្យម និងធំអាចចាប់យកឱកាសវិនិយោគធុនធ្ងន់ និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណា ឧកញ៉ា ប៉ិច បូឡែន បញ្ជាក់បន្ថែមថា សិក្ខាសាលានេះ គឺចង់បង្កើនសមត្ថភាព និងតម្រង់ទិសសហគ្រិនឱ្យទៅជាលក្ខណៈថ្នាក់ជាតិ និងតាមខេត្តផងដែរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

Comments

Loading comments…