នគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង បាននាំខ្លួនអ្នកកាសែត២នាក់ ដោយម្នាក់ឈ្មោះ ផាត់ ហ៊ន និងម្នាក់ទៀតឈ្មោះ ខាន់ សារ័ត្ន ទៅសួរនាំពាក់ព័ន្ធនឹងការប្រើពាក្យសម្តី និងកាយវិការមិនសមរម្យ បៀតបៀនទៅលើនារីជនជាតិវៀតណាមម្នាក់ ដែលជាអ្នកផ្តល់អាវុធឱ្យឧក្រិដ្ឋជននៅក្នុងតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជុំវិញនឹងករណីនេះ មានការប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម និងប្រជាពលរដ្ឋ។ យ៉ាងណា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា អ្នកដែលប្រព្រឹត្ដខុសក្រមសីលធម៌គឺជាអ្នកសារព័ត៌មានដែលចុះទៅថតនៅទីតាំងនោះមិនមែនសមត្ថកិច្ចទេ ដូច្នេះសូមសាធារណជនកុំមានការភាន់ច្រឡំ។
ចំណែក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបំភ្លឺនៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា ក្រោយឃាត់ខ្លួនបាន កម្លាំងជំនាញបានរៀបចំបញ្ជូនឧក្រិដ្ឋនសរុបទាំង៦នាក់នោះ រួមទាំងស្ដ្រីដែលមករំដោះឡើងលើរថយន្ដ បានបន្ដធ្វើការសួរនាំ។ ប៉ុន្ដែនៅពេលបញ្ជូនឡើងលើរថយន្ដ ក៏មានអ្នកសារព័ត៌មានថត ហើយលូកដៃទៅប៉ះពាល់មុខស្ដ្រីខាងលើ ហើយប្រើពាក្យសម្ដីមិនសមរម្យ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាក់បន្ថែមថា អ្នកដែលលូកដៃទៅប៉ះពាល់មុខស្ដ្រីនោះ មិនមែនជាមន្ដ្រីនគរបាលទេ។
តែយ៉ាងណា ក្រសួងព័ត៌មាន បានលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ភ្លាមៗ និងថែមទាំងដាក់ក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទៀតផង ក្រោយរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រោយមកនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកានេះ បាននាំខ្លួនបុគ្គលឈ្មោះខាន់ សារ័ត្ន និងអ្នកកាសែតម្នាក់ទៀត គឺលោកផាត់ ហ៊ន ទៅសួរនាំ បន្ទាប់ពីមន្ទីរព័ត៌មានខេត្តស្វាយរៀង កោះហៅបុគ្គលទាំងពីររូបនេះមកអប់រំណែនាំ។
គួររំលឹកថា ជនជាប់ឃុំចំនួន៦នាក់ដែលជាបុរសត្រូវបានបក្ខពួកមករំដោះ ពេលបញ្ជូនមកកាត់ទោសនៅសាលាដំបូងខេត្ដស្វាយរៀងនោះ ជាក្រុមឧក្រិដ្ឋជនដែលកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបង្ក្រាបកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងបទល្មើសចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស(ជំរិតទារប្រាក់ជនជាតិវៀតណាម ), ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងបាវិត។ ភ្លាមៗ កម្លាំងនគរបាលតាមប្រមាញ់ជិត១០ម៉ោងទើបចាប់ខ្លួនបានត្រឡប់មកវិញទាំងអស់រួមទាំងស្ដ្រីដែលមករំដោះនោះផងដែរ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







