Skip to main content
Preah Sihanouk Provincial Television
Log in

លោកប៉ាង លីដាជាជនគំរូក្នុងការរៀបចំសណ្តាប់ធ្នាប់និងរំដោះប្រព័ន្ធលូប្រឡាយបានទទួលការគាំទ្រពីរដ្ឋមន្រ្តីរៀបចំដែនដី

KPS99TVHistorical original · translation unavailable

ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានគាំទ្រលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរំដោះប្រព័ន្ធលូ ប្រឡាយនៅក្នុងខណ្ឌពោធ៍សែនជ័យដោយផ្ទាល់។ លោក ប៉ាង លីដា ជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលមានប្រជាប្រិយភាពមួយរូប ហើយត្រូវបានគេស្គាល់ថាជាជនគំរូ ដែលតែងសកម្មក្នុងការយកចិត្តទុកដាក់លើកិច្ចការមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំបរិស្ថាន រក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមប្រឡាយ នៅខណ្ឌពោធិ៍សែនជ័យ។

តាមគេហទំព័រផ្លូវការរបស់លោក ប៉ាង លីដា បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជាលើកទី២ហើយដែលលោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងដែនដី សាយ សំអាល់ ក្រោយពីបានជួបសំណេះសំណាលកាលពីលើកទី១ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ លោកអភិបាលរងខណ្ឌរូបនេះ បានគូសបញ្ជាក់ថា លើកនេះ រដ្ឋមន្ត្រីបានពង្រឹងបន្ថែមលើកិច្ចការខាងលើបន្ថែមទៀតដើម្បីទទួលបានការងារកាន់តែល្អប្រសើរ។ គួររម្លឹកថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានទទួលបាន«ប័ណ្ណសរសើរ មេត្រីបរិស្ថាន» សម្រាប់ខណ្ឌពោធិ៍សែនជ័យ ពីរដ្ឋាភិបាលចំពោះការរៀបចំបរិស្ថាន រក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមប្រឡាយ នៅតាមមូលដ្ឋានបានល្អ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…