(ព្រៃវែង)៖ គិតត្រឹមរយៈពេល១១ខែឆ្នាំ២០២៥ ខេត្តព្រៃវែង បាននាំស្រូវចេញក្រៅផ្លូវការទៅលក់នៅប្រទេសវៀតណាម ចំនួន២ ៦៩៤ ៨៤៩តោន រួមទាំងស្រូវឆ្លងកាត់បានចំណូលសរុប ៥៦៤ ៩៩១ ៣៥៤ដុល្លារ។
ជាមួយគ្នានេះតម្លៃស្រូវសើមនៅស្រែជាមធ្យម ស្រូវអ៉ីអ៊ែរ ៥០៤០៤ មានតម្លៃ៦៦០រៀល ក្នុង១គីឡូក្រាម ស្រូវរអូអឹម៥៤៥១ មានតម្លៃ៦៧០រៀល ក្នុង១គីឡូក្រាម និងស្រូវក្រអូប តម្លៃ៨៥០រៀល ក្នុង១គីឡូក្រាម។
បើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ផលិតកម្មដំណាំស្រូវរដូវប្រាំងឆ្នាំ២០២៥-២០២៦ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុវត្តបានលើផ្ទៃដីព្រោះសរុប ១២ ៩២៧ហិកតា (ស្ទូងគ្មាន) ស្មើនឹង ១៧.២៤%នៃផែនការ ៧៥ ០០០ហិកតា ធៀបនឹងឆ្នាំមុន ទាបជាង ២០ ៥២៤ហិកតា (គិតរយៈពេលដូចគ្នា)។ រីឯដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្អ អំពៅ ដំឡូងមី និងឈូក សម្រេចបានលើផ្ទៃដីសរុប ៥ ៣១៣ហិកតា ស្មើនឹង ១០៨.៤៣% នៃផែនការ ៤ ៩០០ហិកតា។ ប្រមូលផលសរុប ៤ ៤៨០ហិកតា បរិមាណផលសរុប ៦២ ៩៣៩តោន»។
លោកបានបន្តថា ផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំងឆ្នាំ២០២៥-២០២៦ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ១៣២ហិកតា ស្មើនឹង១៦.៧៥% នៃផែនការ៧៩០ហិកតា។ ប្រមូលផលសរុប ៥០ហិកតា បរិមាណផលសរុប ៧៥០តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើផ្ទៃដីសរុប ២៩៩ហិកតា ស្មើនឹង៥.៨៦% នៃផែនការ ៥ ១០៥ហិកតា។
លោកបានបន្ថែមថា បរិមាណផ្លែស្វាយស្រស់នាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំនួន១៦៧ ១១៧តោន (រួមទាំងស្វាយឆ្លងកាត់)។ តម្លៃផ្លែស្វាយស្រស់នៅច្រកជាមធ្យម ៦៧៩រៀល ក្នុង១គីឡូក្រាម ចំណូលសរុប ២៦ ៨៨៣ ៧៣៤ដុល្លារ។
សូមបញ្ជាក់ថា ស្រូវនាំទៅលក់នៅប្រទេសវៀតណាមឆ្លងកាត់តាមច្រកព្រំដែនពីរសំខាន់ គឺច្រកព្រំដែនអន្តរជាតិកោះរកាស្ថិតនៅក្នុងស្រុកពាមជរ និងច្រកអន្តរជាតិបន្ទាយចក្រី ស្ថិតនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង៕
ដោយ៖ ចិន្តា ទីទិ





