ព្រះមហាក្សត្រកម្ពុជា បានបង្ហោះព្រះរាជសារបង្ហាញពីការពេញព្រះហឬទ័យយ៉ាងខ្លាំងចំពោះមហាសាមគ្គីដ៏រឹងមាំរបស់ពលរដ្ឋខ្មែរប្រឆាំងទៅនឹងសត្រូវឈ្លានពានទឹកដីកម្ពុជា។ ព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ ពេញព្រះហឬទ័យយ៉ាងខ្លាំង ដោយបានកត់សម្គាល់ឃើញថា ប្រជាជាតិកម្ពុជាឯកភាពគ្នា សាមគ្គីដ៏រឹងមាំ ក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជាយើងប្រឈមនឹងការគំរាមកំហែងចំពោះអធិបតេយ្យភាព និងបូរណភាពដែនដី ពីសំណាក់សត្រូវឈ្លានពាន។»។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបង្ហាញការពេញព្រះហឬទ័យចំពោះសាមគ្គីជាតិខ្មែរបែបនេះ នៅក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាកិច្ចប្រជុំមួយកើតឡើងរយៈពេល៤ខែ បន្ទាប់ពីថៃបើកការវាយប្រហារមកលើកម្ពុជាដោយខុសច្បាប់។
គួររំលឹកថា កងទ័ពថៃបានបើកការវាយប្រហារឈ្លានពានទាំងកម្រោលមកលើទឹកដី កងទ័ព និងប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលបង្ខំឱ្យកម្ពុជាត្រូវប្រើសិទ្ធិការពារខ្លួនស្របទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិប្រឆាំងការឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ។ រយៈពេល៥យប់៥ថ្ងៃនៃការប្រយុទ្ធគ្នា កងទ័ពថៃ បានប្រើសព្វាវុធទំនើបៗជាច្រើនមានដូចជា៖ យន្តហោះចម្បាំង កាំភ្លើងធំចម្ងាយឆ្ងាយ ប្រព័ន្ធបាញ់កាំជ្រួចហ្វូង គ្រាប់បែកធុនធ្ងន់ ផ្សែងពុល និងគ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានអន្តរជាតិហាមឃាត់។ កងទ័ពកម្ពុជា ដែលឈរការពារទឹកដីស្របច្បាប់ ទប់ទប់ការប្រយុទ្ធដោយប្រើសព្វាវុធធុនធ្ងន់ និងគ្រប់មធ្យោបាយរបស់ភាគីថៃរហូតដល់មានបទឈប់បាញ់បានចូលជាធរមាននៅវេលាម៉ោង០០ ថ្ងៃទី២៨ ខែកក្កដា៕
ដោយ៖ ង៉ែត ពិសាន្ត




